ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈថ្មី ប្តេជ្ញាធ្វើកំណែទម្រង់ និង ពង្រឹងរដ្ឋបាលសាធារណៈ

រូបភាពពី៖​ ក្រសួងមុខងារសាធារណៈ

ភ្នំពេញ៖ ថ្លែងទៅកាន់ថ្នាក់មន្ត្រីក្រោមឱវាទរដ្ឋមន្ត្រីមុខងារសាធារណៈថ្មីបានប្តេជ្ញាជំរុញ អនុវត្តចក្ខុវិស័យនាយករដ្ឋមន្ត្រី ការជំរុញកំណែទម្រង់ និងពង្រឹងរដ្ឋបាលសាធារណៈ និងការធ្វើទំនើបកម្មស្ថាប័នសាធារណៈ ដែលជាបេសកកម្មចម្បងរបស់ក្រសួងមុខងារសាធារណៈក្នុងអាណត្តិទី៧។​

លោកហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈដែលទើបចូលកាន់តំណែងថ្មីបានលើកឡើងក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ និងកំណត់ទិសដៅការងារនៃក្រសួងមុខងារសាធារណៈនៅថ្ងៃទី២៨សីហាឆ្នាំ២០២៣នៅក្រសួងមុខងារសាធារណៈថា ពិធីសំណេះសំណាលនេះដែរ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីជួបសំណេះសំណាលនិងថ្លែងអំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែងបំពេញការងារនាអាណត្តិកន្លងមក ក៏ដូចជាការកំណត់ទិសដៅការងារជាអាទិភាពឆ្ពោះទៅមុខសម្រាប់ក្រសួងមុខងារសាធារណៈ។

លោក ក៏បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជាដែលបានផ្តល់សេចក្តីទុកចិត្តឱ្យកាន់មុខតំណែងជារដ្ឋមន្ត្រីក្រសួងមុខងារសារធារណៈសម្រាប់អាណត្តិទី៧ ។
លោករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់រំម្លឹកនូវកិច្ចខិតខំប្រឹងប្រែង និងសមិទ្ធផលសំខាន់ៗកន្លងមកក្រោមការដឹកនាំក្រសួងគ្រប់ៗរូប និងមន្ត្រីទាំងអស់នៃក្រសួងមុខងារសាធារណៈ ដែលបានបំពេញការងារយ៉ាងសកម្ម ចាប់តាំងពីការកកើតស្ថាប័ននេះរហូតដល់បច្ចុប្បន្ន។

ជាមួយគ្នានេះលោករដ្ឋមន្ត្រី បានកំណត់បេសកកម្មចម្បងក្នុងការដឹកនាំក្រសួងមុខងារសាធារណៈមាន ៣ ចំណុច ដូចជា៖ ១) ការអនុវត្តចក្ខុវិស័យរបស់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។​២) ការជំរុញកំណែទម្រង់ និងពង្រឹងរដ្ឋបាលសាធារណៈប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល ក្នុងរដ្ឋាភិបាលអាណត្តិទី៧ ឆ្ពោះទៅឆ្នាំ២០២៨ និងអនាគត និង៣) ចូលរួមចំណែកក្នុងការលើកស្ទួយ និងការធ្វើទំនើបកម្មស្ថាប័នសាធារណៈ។

សូមជម្រាបថាក្នុង ពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃក្រសួងមុខងារសាធារណៈ នាព្រឹកនេះបានបញ្ចប់ដោយប្រកបដោយភាតរភាព និងសាមគ្គីភាព ព្រមទាំងភាពជឿជាក់យ៉ាងមុតមាំ ក្នុងការរួមគ្នាដោះស្រាយបញ្ហានានា និងចូលរួមក្នុងការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភាមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការក្នុងវិស័យមុខងារសារធារណៈទូទាំងរាជធានី ខេត្ត សរុបប្រមាណជាង ១០០០ រូប ៕

To Top