ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីសម្របសម្រួលកិច្ចការសេដ្ឋកិច្ច និងជារដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងបរិស្ថាន នៃសាធារណរដ្ឋ ប្រជាធិបតេយ្យទីម័រខាងកើត បានថ្លែងអំណរគុណ និង កត្តញ្ញូតាធម៌យ៉ាងជ្រាលជ្រៅ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ពោលរាប់ចាំតាំងពី អតីតនាយរដ្ឋមន្ត្រីសម្តេចតេជោ ដែលតែងបានជួយ និង ផ្តល់ការគាំទ្រដល់សាធារណរដ្ឋ ប្រជាធិបតេយ្យទីម័រខាងកើត នាពេលកន្លងមក ។
ក្នុងឱកាសចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រី កិត្តិទេសាភិបាល ហ៊ុន ម៉ាណែត នារសៀលថ្ងៃទី ២៨ ខែសីហា ឆ្នាំ២០២៣ នៅវិមានសន្តិភាព លោក ហ្វ្រាន់ស៊ីសស្កូ កាប៊ុលឌី ឡៃ (Francisco Kalbuadi Lay) បានសម្តែងនូវការអបអរសាទរ ចំពោះ កិត្តិទេសាភិបាលបណ្ឌិត ដែលត្រូវបានជ្រើសតាំង ជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់នីតិកាលទី ៧ នៃរដ្ឋសភា ក៏ដូចជាក្តីមោទនភាព ចំពោះការណ៍ដែលលោកស្ថិតក្នុងចំណោម ឥស្សរជនអន្តរជាតិដំបូង ដែលត្រូវបានទទួលស្វាគមន៍ យ៉ាងកក់ក្តៅ។
ក្នុងនោះលោកក៏បានថ្លែងអំណរគុណ និង កត្តញ្ញូតាធម៌យ៉ាងជ្រាលជ្រៅ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់សម្តេចតេជោ ដែលតែងបានជួយ និងផ្តល់ការគាំទ្រ ដល់សាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត នាពេលកន្លងមក, ជាពិសេសការជួយឱ្យប្រទេសទីម័រខាងកើត ក្លាយជាប្រទេសអង្កេតការណ៍នៅក្នុងអាស៊ានទី១១ និង ការបញ្ចុះបញ្ចូលសមាជិកអាស៊ានផ្សេងទៀត ឱ្យគាំទ្រប្រទេសទីម័រខាងកើត សម្រាប់ការចូលរួមជាសមាជិកអាស៊ាន ផងដែរ ។
លោកក៏បានសម្តែង នូវជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំរបស់ នាយករដ្ឋមន្ត្រីកិត្តិទេសាភិបាលបណ្ឌិត ប្រទេសកម្ពុជា នឹងកាន់តែអភិវឌ្ឍឈានទៅមុខ មួយកម្រិតថែមទៀត ។
នាឱកាសនោះ នាយករដ្ឋមន្រ្តី កិតិ្តទេសាភិបាលបណ្ឌិត ក៏បានបង្ហាញ អំពីការបន្តរក្សាជំហរ ក្នុងការគាំទ្របេក្ខភាពរបស់ប្រទេសទីម័រខាងកើតនៅក្នុងអាស៊ាន, អង្គការពាណិជ្ជកម្មពិភពលោក ក៏ដូចជានិម្មាបនកម្មតំបន់ និង សកល ដទៃទៀត ។
ក្នុងនោះកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ក៏បានផ្តាំផ្ញើរសួរសុខទុក្ខ ចំពោះនាយករដ្ឋមន្រ្តីនៃប្រទេសទីម័រខាងកើត និង សូមអរគុណចំពោះលិខិតដ៏មានអត្ថន័យ ដែលបានអបអរសាទរ កិត្តិទេសាភិបាលបណ្ឌិត ដោយត្រូវបានជ្រើសតាំង ជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។
ជាងនេះ កិត្តិទេសាភិបាលបណ្ឌិត សង្ឃឹមថា នឹងអាចជួបដោយផ្ទាល់ជាមួយ លោកនាយករដ្ឋមន្រ្តី នៅទីក្រុងហ្សាកាតា នាកិច្ចប្រជុំកំពូលអាស៊ាន នាពេលខាងមុខនេះ ។
បន្ថែមនេះពីនេះដែរ លោក ហ្វ្រាន់ស៊ីសស្កូ កាប៊ុលឌី ឡៃ បានស្ញើចសរសើរ ចំពោះមិត្តភាពរវាងប្រទេសទីម័រខាងកើត និងកម្ពុជា ព្រោះនៅក្នុងស្ថានភាពដ៏លំបាកបំផុត ទើបអាចស្វែងរកមិត្តភក្តិដ៏ពិតប្រាកដបាន ។ ដោយផ្អែក ទិដ្ឋភាពសេដ្ឋកិច្ច, ទិដ្ឋភាពវប្បធម៌ និង ទិដ្ឋភាពប្រវត្តិសាស្រ្ត, ប្រជាជន និង រដ្ឋាភិបាលនៃប្រទេសទីម័រខាងកើត នឹងចងចាំមិនភ្លេចឡើយ នូវមិត្តភាពដ៏ប្រពៃនេះ។
ឆ្លៀតយកឱកាសនេះ លោកបានគោរពអញ្ជើញ កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ធ្វើដំណើរទស្សនកិច្ច ទៅកាន់សាធារណរដ្ឋ ប្រជាធិបតេយ្យទីម័រខាងកើត នាពេលខាងមុននេះផងដែរ៕