ព័ត៌មានជាតិ

រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ស្នើនាយកដ្ឋានពីរ ត្រូវមានគោលការណ៍ សមូហភាពជាធំ និងគោរពតាមឋានានុក្រម

ភ្នំពេញ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ​ បានស្នើឱ្យ មន្ត្រីដែលបម្រើការក្នុងនាយកដ្ឋាន ផ្គត់ផ្គង់ទឹកជនបទ និងនាយកដ្ឋានថែទាំសុខភាពជនបទ ត្រូវមានគោលការណ៍ សមូហភាពជាធំ និងគោរពតាមឋានានុក្រម។

ការស្នើនេះធ្វើឡើង ក្នុងឱកាសលោករដ្ឋមន្រ្តី ជួបសំណេះសំណាល និងសួរសុខទុក្ខ ថ្នាក់ដឹកនាំទទួលបន្ទុក និងមន្រ្ដីរាជការ នៃនាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ និងនាយកដ្ឋានថែទាំសុខភាពជនបទ នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣។

ទន្ទឹមគ្នានោះ លោក ឆាយ ឫទ្ធិសែន បានផ្ដល់នូវអនុសាសន៍ណែនាំ និងផ្តាំផ្ញើដូចខាងក្រោម៖

  • ក្រសួងនឹងធ្វើការផ្លាស់ប្តូរកាលបរិច្ឆេទ រៀបចំសន្និបាតបូកសរុបលទ្ធផលការងារ របស់ខ្លួនសម្រាប់ឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ ដោយគ្រោងនឹងរៀបចំនៅថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០២៣ វិញ។
  • លោករដ្ឋមន្ត្រី បានស្នើឱ្យមន្ត្រីគ្រប់ជាន់ថ្នាក់ ក្នុងនាយកដ្ឋាន ត្រូវគោរពវិន័យ គោរពការចាត់តាំង គោរពក្រមសីលធម៌ គោរពវិន័យរបបប្រជុំ (ប្រជុំប្រចាំខែ ប្រចាំត្រីមាស) និងប្រឹងប្រែង បំពេញភារៈកិច្ចឱ្យកាន់តែប្រសើរ។
  • លោករដ្ឋមន្រ្តីបានស្នើឱ្យ មន្ត្រីដែលបម្រើការក្នុងនាយកដ្ឋានទាំងពីរ ត្រូវមានគោលការណ៍ សមូហភាពជាធំ និងគោរពតាមឋានានុក្រម។
  • បន្តជួយផ្សព្វផ្សាយដល់ប្រជាពលរដ្ឋមូលដ្ឋាន អំពីសមិទ្ធផលការងាររបស់ក្រសួង និងរាជរដ្ឋាភិបាល។
  • ជំរុញការងារនាំពាក្យ និងផ្សព្វផ្សាយឱ្យបាន ទូលំទូលាយ។
  • ពង្រឹងសាមគ្គីភាពផ្ទៃក្នុង ក្នុងនាយកដ្ឋាន ខំប្រឹងបំពេញការងារឱ្យបាន លទ្ធផលល្អបន្ថែមទៀត ក្នុងនីតិកាលថ្មីទី៧ នៃរាជរដ្ឋាភិបាលដើម្បីចូលរួមចំណែក ជំរុញចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ ជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ និង ឆ្នាំ២០៥០ ជាប្រទេសមានប្រាក់ចំណូលខ្ពស់៕
To Top