ភ្នំពេញ៖ កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងទៅកាន់អ្នកដែលបន់ស្រន់ កុំឲ្យសហរដ្ឋអាមេរិកចេញវីសាជូនពរបណ្ឌិត និងដែលថាអាមេរិកមិនទទួលស្គាល់រដ្ឋាភិបាលកម្ពុជាថ្មី ដេកអេះពោះទៅ ពីព្រោះទាំងតំណាងសភា និងរដ្ឋាភិបាលអាមេរិក បានមកជួបនៅវិមានសន្តិភាព ហើយហៅលោកបណ្ឌិតថា ជានាយករដ្ឋមន្ត្រីកម្ពុជាពេញៗមាត់ ។
បណ្ឌិតហ៊ុន ម៉ាណែតអះអាងថា គ្រប់គ្រាន់ហើយដែលតំណាងស្ថាប័នទាំង២របស់អាមេរិកមកមកជួបបណ្ឌិតជាង២ម៉ោងនាថ្ងៃ២៨ សីហា ដែលបានហៅនាយករដ្ឋមន្រ្តីកម្ពុជាពេញមាត់ ។ នេះសបញ្ជាក់ថា ពួកគាត់មកតំណាងលោក ចូ បៃឌិន ប្រធានាធិបតីអាមេរិកហើយ ។ នេះជាប្រសាសន៍របស់នាយករដ្ឋមន្រ្តីកម្ពុជា ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ នៅតំបន់វត្តព្រៃស្ពឺ ខណ្ឌពោធិ៍សែនជ័យ នាថ្ងៃទី២៩ ខែសីហា។
កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត មានប្រសាសន៍ទៀតថា «ឥឡូវបើថាអាមេរិក មិនទទួលស្គាល់ (រាជរដ្ឋាភិបាលថ្មី) ជំនួបល្ងាចមិញ២ម៉ោង ហើយសំខាន់អ្នកចូលជួបគឺតំណាងសភាអាមេរិក និងរដ្ឋាភិបាលអាមេរិក បានទទួលស្គាល់នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងរដ្ឋាភិបាលថ្មីទៅហើយ ។ អីចឹងខ្ញុំគិតថាគ្មានអីទៀតមិនបាច់ចាំប្រធានាធិបតី បៃឌិន ផ្ញើលិខិតមកអបអរទេ គេមកទទួលស្គាល់ហើយដាក់លើទំព័ររបស់ទូតអាមេរិកទៀត បើថាគាត់ដាក់ថ្ងៃនេះ បានជួបជាមួយឯកឧត្ដម ហ៊ុន ម៉ាណែតជារឿងមួយ តែបានដាក់ថាជួបជាមួយនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងថ្នាក់ដឹកនាំសំខាន់ៗរបស់រដ្ឋាភិបាលថ្មីនៃកម្ពុជា ដើម្បីពិភាក្សាគ្នាពីកិច្ចសហប្រតិបត្តិការ» ។
នាយករដ្ឋមន្ត្រីបន្ថែមថា «ឥឡូវបើថា អ្នកណាបន់អាមេរិកកុំឲ្យវីសា ខ្ញុំថាអេះពោះទៅ ព្រោះតំណាងទាំងសភា និងរដ្ឋាភិបាល មកជួបខ្ញុំនៅវិមានសន្តិភាព ហើយហៅខ្ញុំជានាយករដ្ឋមន្ត្រីពេញមាត់ ដើម្បីបញ្ជាក់ពីសុច្ឆន្ទៈដើម្បីពង្រឹង និងពង្រីកសហប្រតិបត្តិការ ជាមួយរដ្ឋាភិបាលថ្មីរបស់កម្ពុជា» ។
កិត្តិទេសាភិបាលបណ្ឌិត ក៏បានប្រាប់ទៅពលរដ្ឋខ្មែរនៅអាមេរិក ដែលគ្រោងទៅធ្វើបាតុកម្មប្រឆាំងរូបបណ្ឌិតមិនឲ្យអង្គការសហប្រជាជាតិ(UN)ទទួលស្គាល់ ហ៊ុន ម៉ាណែត ឬធ្វើយុទ្ធនាការមិនឲ្យអាមេរិកចេញវីសា កុំដេកស្រមើស្រមៃ ព្រោះ UN បានអញ្ជើញបណ្ឌិតរួចទៅហើយ ។ បើតាមគម្រោងកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នឹងអញ្ជើញដឹកនាំគណៈប្រតិភូទៅចូលរួមកិច្ចប្រជុំនៅអង្គការសហប្រជាជាតិអាចជាពាក់កណ្តាលខែកញ្ញា ខាងមុខ ។
ប្រមុខរាជរដ្ឋាភិបាល លើកឡើងទៀតថា ថ្នាក់ដឹកនាំអន្តរជាតិផ្ញើសារអបអរសាទរក្ដី មិនផ្ញើសារអបអរក្ដី ក៏គេនៅតែបន្តធ្វើការជាមួយ គ្មានអ្នកណាដកទូតទៅវិញទេ ថែមទាំងពង្រឹងសហប្រតិបត្តិការថែមទៀតផង ។ បើគេមិនទទួលស្គាល់រដ្ឋាភិបាលថ្មី គេមិនបញ្ជូលមន្ត្រីមកធ្វើការជាមួយទេ ។
នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត សង្កត់ធ្ងន់ថា មានពេល ២៤ម៉ោងក្នុងមួយថ្ងៃ ដើម្បីធ្វើការងារសម្រាប់ប្រទេសជាតិ និងកសាងយន្តការថ្មីៗសម្រាប់ជាប្រយោជន៍ដល់ប្រជាពលរដ្ឋ គ្មានពេលសម្រាប់ស្ដាប់ការវាយប្រហារអត់ប្រយោជន៍នោះទេ ៕