ភ្នំពេញ ៖ កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំលោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាល វិជ្ជាជីវៈថ្មី ដែលមានភារកិច្ចដឹកនាំដំឡើងប្រាក់ឈ្នួលកម្មករឆ្នាំ២០២៤ ត្រូវខិតខំសម្របសម្រួល ពិភាក្សាប្រាក់ឈ្នួលអប្បបរមាទោះតិច ឬច្រើនក្តីគឺត្រូវតែឡើង ។
នាឱកាសអញ្ជើញ ចុះជួបកម្មករជិត២ម៉ឺននាក់ នៅតំបន់ព្រៃស្ពឺ ខណ្ឌពោធិ៍សែនជ័យ នៅថ្ងៃ២៩ សីហា កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា ក្រសួងការងារ ត្រូវខិតខំពិភាក្សាប្រាក់ឈ្នួលអប្បបរឲ្យបានល្អ សម្រាប់ឆ្នាំ២០២៤ ហើយត្រូវធ្វើកិច្ចការងារនេះ ឲ្យបានលឿន។
កិត្តិទេសាភិបាលបណ្ឌិតបន្ដថា វិធានការណ៍ចំពោះមុខ ក្រសួងការងារ ត្រូវខិតខំសម្របសម្រួល ការពិភាក្សាប្រាក់ឈ្នួលអប្បបរឲ្យបានល្អ ដោយឈរលើលក្ខណៈវិទ្យាសាស្រ្ដ និងលក្ខណៈវិនិច្ឆ័យ ដែលចែងក្នុងច្បាប់ ស្ដីពី ប្រាក់ឈ្នួលអប្បបរមា ឲ្យបានមុនពេលឈប់សម្រាកបុណ្យភ្ជុំបិណ្ឌ។
កិត្តិទេសាភិបាលបណ្ឌិតហ៊ុន ម៉ាណែត មានប្រសាសន៍ថា «ត្រូវធ្វើឲ្យលឿន ធ្វើម៉េចឲ្យប្រជាពលរដ្ឋបានដឹងថា ឆ្នាំ២០២៤ បានឡើង ពេលភ្ជុំបិណ្ឌគាត់អាចទៅប្រាប់ឪពុកម្ដាយគាត់ ឆ្នាំក្រោយបានឡើងប៉ុនណោះ ឲ្យបានតិច ឬច្រើន ត្រូវតែឡើងជូនបងប្អូនកម្មករ-កម្មការិនី ត្រូវធ្វើឲ្យបានមុនភ្ជុំ»។
សូមរំលឹកថា ២០២៣នេះ ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ ផលិតស្បែកជើង និងផលិតផល ធ្វើដំណើរនិងកាបូប មានចំនួន២០០ដុល្លារ ក្នុងមួយខែ បើបូកប្រាក់អត្ថប្រយោជន៍ផ្សេងៗទៀត កម្មករម្នាក់ អាចទទួលបាន ប្រាក់ឈ្នួលលើសពីហ្នឹងទៀត ៕