ព័ត៌មានជាតិ

ក្រសួងមហាផ្ទៃ ៖ ការសិក្សាធ្វើប័ណ្ណបើកម៉ូតូចាប់ពី ៦០CCឡើង គ្រាន់តែជាការសិក្សា សម្រាប់ពេលអនាគតប៉ុណ្ណោះ

ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានឲ្យដឹងថា អនុសាសន៍របស់លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃជុំវិញ «ការសិក្សាធ្វើប័ណ្ណបើកបរទោចក្រយានយន្ត (ម៉ូតូ) ដែលមានកម្លាំងចាប់ពី ៦០CC» ឡើងទៅកាលពីថ្ងៃ២៨ សីហានោះ គ្រាន់តែជាការសិក្សាសម្រាប់អាចអនុវត្ត នាពេលអនាគតប៉ុណ្ណោះ។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់អ្នកនាំពាក្យ ក្រសួងមហាផ្ទៃ នាថ្ងៃទី២៩ សីហា នេះ បានពន្យល់ថា ជាស្មារតីអនុសាសន៍របស់ លោកអភិសន្តិបណ្ឌិត ទី១. លោកចង់សង្កត់ធ្ងន់ថា ជាការសិក្សាឡើងវិញនូវបទពិសោធន៍ ដែលបានអនុវត្តកន្លងទៅ និងលទ្ធផល ដែលទទួលបានពីការ អនុវត្តនោះ ,ទី២. ការសិក្សានេះ គឺសម្រាប់អនុវត្ត នាពេលអនាគត ពោលប្រសិនការសិក្សារកឃើញ គ្រោះថ្នាក់ចរាចរណ៍ កើតឡើងលើអ្នកប្រើប្រាស់ទោចក្រយានយន្ត (ម៉ូតូ) មានអត្រាច្រើនគួរកត់សម្គាល់នោះ ក្រសួងមហាផ្ទៃនឹងលើកមូលដ្ឋាននេះ ដើម្បីស្នើពិភាក្សាជាមួយ ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលមានសមត្ថកិច្ចសម្រេចនិងធ្វើប័ណ្ណបើកបរ ,ទី៣. ជារួម ពុំមែនជាលក្ខខណ្ឌដាច់ខាតឲ្យតែម៉ូតូមានកម្លាំងចាប់ពី «៦០CC» ឡើង គឺសុទ្ធតែតម្រូវឲ្យមានប័ណ្ណបើកបរនោះទេ ពោលត្រូវពិនិត្យទៅតាមប្រភេទ នៃយាននោះផងដែរ ដូចជា ប្រភេទ ក, ខ,…ជាដើម និងត្រូវគិតគូរអនុវត្តជាជំហានៗ បែបណាឲ្យស្រប តាមស្ថានភាពសង្គមជាក់ស្ដែង៕

To Top