ភ្នំពេញ ៖ ក្នុងជំនួបពិភាក្សាការងារជាមួយ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា លោកស្រី ម៉ារីយា ដែលខាមេន ម៉ូរេណូ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា បានលើកឡើងថា កម្ពុជា មានបទពិសោធន៍ច្រើន ក្នុងការផ្សះផ្សារជាតិ ខុសពីប្រទេសស្រីលង្កា ។ នេះបើតាមការចេញផ្សាយក្នុងតេឡេក្រាមសម្ដេច ។
ការលើកឡើង របស់លោកស្រីទូតអឺរ៉ុបទាញភ្ជាប់កម្ពុជាជាមួយស្រីលង្កាបែបនេះ ខណៈបញ្ចប់អាណត្តិ ការទូតនៅកម្ពុជា លោកស្រីនឹងបន្ត បេសសកកម្មបន្ទាប់នៅប្រទេសស្រីលង្កា ហើយលោកស្រីនឹងពាំនាំ នូវកិច្ចដំណើរការបង្រួបបង្រួមជាតិ ដ៏ជោគជ័យរបស់កម្ពុជា ដើម្បីចែករំលែកនៅទីនោះ ។ ប្រទេសស្រីលង្កានេះ កំពុងស្ថិតនៅក្នុងវិបត្តិសេដ្ឋកិច្ច យ៉ាងធ្ងន់ធ្ងរផងដែរ។
នាឱកាសអនុញ្ញាតឲ្យឯកអគ្គរដ្ឋទូត សហភាពអឺរ៉ុបប្រចាំកម្ពុជាចូលជម្រាបលា នាថ្ងៃ២៩ សីហា នៅវិមាន៧មករា សម្ដេចតេជោ បានសម្ដែងការពេញចិត្ត ចំពោះសហប្រតិបត្តិការសព្វបែបយ៉ាង ថ្វីត្បិតតែមិនបានជួយគ្នាលើគ្រប់បញ្ហាទាំងអស់ក៏ដោយ ប៉ុន្តែកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-អឺរ៉ុប មានភាពល្អប្រសើរ ជាពិសេសការ ប្រៀបប្រឆាំងនឹងកូវីដ១៩ ដែលជាមហន្តរាយធំធេង ក្នុងនោះសហគមន៍អឺរ៉ុប បានផ្ដល់ឲ្យកម្ពុជានូវវ៉ាក់សាំង ជាង៩៣ម៉ឺនដូស និងឥណទានជិត ៥០០លានដុល្លារ។
លើសពីនេះ សម្ដេចតេជោ បានថ្លែងអំណរគុណចំពោះការងារដែលបានធ្វើកន្លងមក ជាពិសេសបានជួយក្នុងគ្រោះមន្តរាយកូវីដ១៩ និងទី២ ជួយកសាងស្ថានីយទឹកស្អាត នៅបាក់ខែង ដែលបានជួយឲ្យទីក្រុងភ្នំពេញ និងខេត្តជុំវិញមានទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់។
ក្នុងការងារជិត៤ឆ្នាំ ដ៏លំបាកនេះ លោកស្រី ឯកអគ្គរដ្ឋទូត បានសម្ដែងការពេញចិត្ត ចំពោះកិច្ចសហប្រតិបត្តិការដែលទទួលបានពីរាជរដ្ឋាភិបាល ក៏ដូចជាពីមន្ត្រីរបស់រដ្ឋាភិបាលទាំងអស់នូវកិច្ចសហប្រតិ្តការទាំងអស់ទាក់ទងទៅនឹងទំនាក់ទំនងរវាងអាស៊ាន និងសហគមន៍អឺរ៉ុប ។ លោកស្រី បានរំលឹកអំពីការដែលបានជួបជាមួយ កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍បើកចំហពីទំនាក់ទំនងរវាងកម្ពុជា និងសហគមន៍អឺរ៉ុបបន្តទៀត។
លោកស្រីមានប្រសាសន៍ថា «កម្ពុជាមានបទពិសោធន៍ច្រើន ក្នុងការផ្សះផ្សារជាតិ ខុសពីប្រទេសស្រីលង្កា ហើយក្រៅពីនោះកម្ពុជា មានបទពិសោធន៍ច្រើនលើវិស័យផ្សេងៗ ដូចជាវិស័យបោសសំអាតគ្រាប់មីន សិទ្ធមនុស្ស ស្រ្តី»។
លោកស្រីសង្ឃឹមថា នឹងមានឱកាសជួបសម្តេចនៅប្រទេសស្រីលង្កា នាពេលខាងមុខ ។ ជាការឆ្លើយតប សម្តេចមានប្រសាសន៍ថា សម្តេចខកខាង អញ្ជើញទៅប្រទេសស្រីលង្ការយៈពេល ៤០ឆ្នាំមកហើយ ហើយកាលពី៤០ឆ្នាំមុន ស្រីលង្កាមានការរីកចម្រើន លូតលាស់ជាងកម្ពុជា ប៉ុន្តែស្រីលង្កាពេលនេះ បានជួបនូវវិបត្តិសេដ្ឋកិច្ច មានការដួលរលំខាងសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ ៕