ភ្នំពេញ ៖ កម្ពុជា-ចិន បានរួមគ្នា រៀបចំកម្មវិធីសម្តែងសិល្បៈ វប្បធម៌ អបអរសាទរខួប៦៥ឆ្នាំ នៃចំណងការទូត រវាងប្រទេសទាំង២ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ ឲ្យកាន់តែរឹងមាំបន្ថែមទៀតលើគ្រប់វិស័យ។

ការសម្តែងសិល្បៈនេះ បានធ្វើឡើងកាលពីយប់ថ្ងៃ២៨ សីហា នៅជម្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ និងស្របពេលទំនាក់ទំនង ការទូតរវាងចិន-កម្ពុជាកាន់តែមានភាព ស្អិតរមួតដូចដែកថែប។

ក្នុងឱកាសនោះ លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីទីស្តីការគណៈរដ្ឋមន្រ្តី បានលើកឡើងថា ការរៀបចំវេទិកានេះ ជាវេទិកាប្រវត្តិសាស្រ្តមួយ ដែលអាច នឹងពង្រឹងទំនាក់ទំនង ក្នុងគ្រប់វិស័យរវាងប្រទេសទាំង ២កាន់តែរឹងមាំបន្ថែមទៀត ក្នុងដំណាក់កាល នៃការធ្លាក់ចុះ នៃសេដ្ឋកិច្ចសកល ពិសេសការផ្លាស់ប្តូរនូវនិម្មាបនកម្មនយោបាយ និងសេដ្ឋកិច្ចសកល ។

លោកឧបនាយករដ្ឋមន្រ្តីថា ចិនគឺជាមហាមិត្តបានចូលរួមគាំទ្រ ជំរុញ និងលើកកម្ពស់កិច្ចការគាំពារ និងអភិរក្សបេតិកភណ្ឌវប្បធម៌ជាតិ ព្រមទាំងកិច្ចអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចកម្ពុជា ក្នុងគ្រប់កាលៈទេសៈទាំងអស់ ហើយទំនាក់ទំនងដែកថែបរវាងប្រទេសទាំង២ ត្រូវបានបុកគ្រឹះ និងកសាងឡើង ដោយព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ជាមួយនឹងថ្នាក់ដឹកនាំកំពូលៗរបស់ចិន ហើយបន្តអភិវឌ្ឍន៍ ឲ្យកាន់តែស៊ីជ្រៅ និងរីកចម្រើនរីកស្គុះស្គាយដោយសម្តេចតេជោ ជាមួយនឹងថ្នាក់ដឹកនាំចិនក្រោយៗមកទៀត។ លោកថា ជាមួយគ្នានេះ ការផ្លាស់ប្តូរខាងវប្បធម៌មនុស្សជាតិ រវាងប្រទេសទាំង២ត្រូវបានពង្រីក និងពង្រឹងឥតឈប់ឈរ ។ តួយ៉ាង ទំនាក់ទំនងវប្បធម៌ ចាប់ផ្ដើមពីការមកទស្សនា របស់ភ្ញៀវទេសចរចិន នៅកម្ពុជា ដែលមាន រហូតដល់ទៅជាង២លាននាក់មុនវិបត្តិកូវីដ-១៩។

ជាមួយគ្នានោះដែរ ឧបនាយករដ្ឋមន្រ្តីបានអះអាងថា មិត្តចិនបានចូលរួមយ៉ាងពេញទំហឹងក្នុងការស្តារ និងអភិរក្សបេតិកភណ្ឌវប្បធម៌កម្ពុជា តាមរយៈការផ្តល់គម្រោងជំនួយក្នុងការជួសជុលប្រាសាទចៅសាយទេវតា ព្រះបរមរាជវាំងនៅអង្គរ គាំពារ និងជួសជុលប្រាសាទព្រះវិហារ និងបេតិកភណ្ឌវប្បធម៌នានាជាច្រើនផ្សេងទៀត។

ចំណែក លោក វ៉ាង វិនធាន អគ្គរដ្ឋទូតចិនប្រចាំកម្ពុជាបានលើកឡើងថា ទំនាក់ទំនងរវាងចិន-កម្ពុជាមានភាពស្អិតរមួត ពិសេសមានប្រវត្តិសាស្ត្រយូរអង្វែង ហើយឆ្នាំ២០២៣ នេះ ជាខួបអនុស្សាវរីយ៍លើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូត ។ ក្នុងរយៈពេល៦៥ឆ្នាំកន្លងមកនេះ ចិន-កម្ពុជា តែងតែជួយគ្នា ទៅវិញ ទៅមក រួមសុខទុក្ខជាមួយគ្នាទំនាក់ទំនង នៃប្រទេសទាំង២ឆ្លងកាត់ការបម្រែបម្រួល នៃស្ថានភាពអន្តរជាតិ បានធ្វើឲ្យទំនាក់ទំនង មួយនេះ កាន់តែរឹងមាំ មិនអាចបំបែកបាន និងបានក្លាយគំរូក្នុងការកសាងរួមគ្នានូវទំនាក់ទំនងអន្តរជាតិបែបថ្មី និងការកសាងសហគមន៍ វាសនារួមសម្រាប់មនុស្សជាតិ។

លោកជឿជាក់ថា ក្រោមការដឹកនាំរបស់កិត្ដិទេសាភិបាលបណ្ឌិត កម្ពុជានឹងបោះជំហានថ្មី និងកាន់តែធំ នឹងផ្ដល់ផលប្រយោជន៍កាន់តែល្អប្រសើរឡើង សម្រាប់ប្រទេស និងប្រជាជនទាំង២ រួមចំណែកថ្មីដល់សន្ដិភាព ស្ថិរភាព និងការអភិវឌ្ឍ ក្នុងតំបន់ និងពិភពលោក។

ជាមួយគ្នានេះដែរ លោកឯកអគ្គរដ្ឋទូតបន្ថែមថា ភាគីចិនតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះទំនាក់ទំនងមនុស្សសាស្ត្រនិងប្រជាជននៃប្រទេសទាំង២។ ភាគីចិននឹងបន្តជួយកម្ពុជាក្នុងការអនុវត្តគម្រោងជួសជុលរមណីយដ្ឋានអង្គរ ប្រាសាទព្រះវិហារ និងតំបន់បេតិកភណ្ឌវប្បធម៌ផ្សេងៗទៀត៕

