ព័ត៌មានជាតិ

ខឹងប្រពន្ធពូកែផឹកស្រា រាល់ថ្ងៃយកដំបងឬស្សី វាយបណ្ដាល ឲ្យស្លាប់នៅស្រុកស្វាយជ្រំ

រូបភាព សហការី

ស្វាយរៀង ៖ ដោយសារតែខឹងប្រពន្ធផឹកស៊ី រាល់ថ្ងៃមិនគិតកូនចៅ បុរសជនសង្ស័យជាប្ដី បានទាញដំបងឬស្សី វាយប្រពន្ធបណ្ដាលឱ្យស្លាប់ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន។

ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៤និង៣០នាទី ថ្ងៃទី២៨ ខែសីហាឆ្នាំ២០២៣ ស្ថិតនៅភូមិគោកកណ្ដោល ឃុំក្រោលគោ ស្រុកស្វាយជ្រំ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ នេត សុភ័ណ្ឌ អាយុ៤២ឆ្នាំមុខរបរកសិករ ត្រូវជាប្ដីរស់នៅភូមិគោកកណ្ដោល ឃុំក្រោលគោ ស្រុកស្វាយជ្រំ ។ ចំណែកស្ត្រីរងគ្រោះមានឈ្មោះង៉ែត សុបិនអាយុ៥៩ឆ្នាំ មុខរបរកសិកររស់នៅភូមិឃុំកើតហេតុខាងលើ។

បើតាមអ្នកភូមិបានឲ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះនិងប្តី បានឈ្លោះប្រកែកគ្នាយ៉ាងខ្លាំង ខណៈប្ដីស្ដីបន្ទោសរឿងគិតតែផឹកស្រារាល់ថ្ងៃ រួចក្រោយមកស្រាប់តែឃើញស្ទុះយកបានដំបងឬស្សីមកវាយប្រពន្ធ ស្លាប់ទើបបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិ និងរាយការណ៍មកសមត្ថកិច្ចតែម្ដង។

បច្ចុប្បន្នជនសង្ស័យត្រូវបាន សមត្ថកិច្ចឃាត់ខ្លួនបញ្ជូនមកស្នងការនគរបាលខេត្តដើម្បីចាត់ការបន្តតាមនីតិវិធី ចំណែកសពជនរងគ្រោះ ត្រូវបានបងប្អូនសាច់ញាតិ ចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕

To Top