ភ្នំពេញ ៖ ខេត្ដយូណាន របស់ប្រទេសចិន បានជំរុញការផ្សព្វផ្សាយទេសចរណ៍ វប្បធម៌ និងភាពយន្ដជាមួយកម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង២ឲ្យកាន់តែរឹងមាំថែមទៀត។ ការជំរុញរបស់ខេត្តចិនមួយនេះ ស្របឆ្នាំ២០២៣គឺជាខួបអនុស្សវរីយ៍លើកទី ៦៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងចិន-កម្ពុជា និង “ឆ្នាំមិត្តភាពចិន-កម្ពុជា” ហើយក៏ជាខួបអនុស្សវរីយ៍លើកទី១០នៃគំនិតផ្តួចផ្តើមខ្សែ ក្រវាត់និងផ្លូវ”។
លោក Zhai Yulong អនុប្រធានមន្ទីរឃោសនាគណៈកម្មាធិការបក្សកុំម្មុយនីស្ដចិន នៃខេត្តយូណាន និងជាប្រធានមន្ទីរភាពយន្ដខេត្ដយូណាន ក្នុងកម្មវិធីផ្សព្វផ្សាយទេសចរណ៍ និងវប្បធម៌ និងពិធីចុះហត្ថលេខាស្ដីពីការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យភាពយន្ដរវាងខេត្ដយូណាន ជាមួយកម្ពុជា កាលពីរសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ បានឲ្យដឹងថា ខេត្ដយូណានបានដើរតួនាទីសំខាន់ក្នុងការជំរុញផ្សព្វផ្សាយទេសចរណ៍ វប្បធម៌ និងភាពយន្ដជាមួយកម្ពុជា ក្នុងគោលដៅពង្រឹងទំនាក់ទំនងមិត្តភាព ដ៏ជ្រាលជ្រៅរវាងប្រជាជនចិន និងកម្ពុជា ។ ទាំងនេះគឺជាមូលដ្ឋានគ្រឹះ និងប្រភពកម្លាំងដ៏រឹងមាំសម្រាប់ពង្រឹងការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង២។
លោកបញ្ជាក់ថា « ថ្ងៃនេះ យើងមកដល់ប្រទេសកម្ពុជាជាមួយនឹងចិត្តស្មោះត្រង់ និងកក់ក្ដៅរៀបចំឡើងក្នុងកម្មវិធីផ្សព្វផ្សាយទេសចរណ៍ និងវប្បធម៌ និងពិធីចុះហត្ថលេខាស្ដីពី សំបុត្រអញ្ជើញ ផ្ញើមកពីយូណាន ដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងខេត្តយូណាន និងប្រទេសកម្ពុជា លើវិស័យព័ត៌មាន បោះពុម្ភផ្សាយទេសចរណ៍ អប់រំ សម្ដែងសិល្បៈ និងប្រព័ន្ធផ្សព្វផ្សាយជាដើម»។
លោកលើកឡើងថា បច្ចុប្បន្ន ចិន-កម្ពុជាបានផ្តោតចក្ខុវិស័យលើអភិវឌ្ឍន៍អនាគត ព្រមព្រៀងចុះហត្ថលេខាលើផែនការសកម្មភាពថ្មីក្នុងការកសាងសហគមន៍វាសនារួមរវាងចិន-កម្ពុជា។ លោក Zhai Yulong បានថ្លែងបញ្ជាក់ថា ខេត្តយូណានធ្វើជាខេត្តស្ថិតនៅជិតកម្ពុជាក្នុងបណ្តាខេត្តប្រទេសចិន ដែលនឹងដើរតួនាទី និងកាតព្វកិច្ចកាន់តែសំខាន់ ក្រោមក្របខណ្ឌនៃការកសាងសហគមន៍វាសនារួមចិន-កម្ពុជា នៅយុគ្គសម័យថ្មី។ ទន្ទឹមនឹងការរីកចម្រើននៃគោលដៅអភិវឌ្ឍន៍កសាងខេត្តយូណានទៅជាមជ្ឈមណ្ឌលតភ្ជាប់ទៅកាន់អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍នៃប្រទេសចិន យូណានកំពុងបង្ហាញនូវកាយវិការបើកចំហទូលំទូលាយមិនដែលមានពីមុន ដើម្បីបញ្ចូលក្នុងពិភពលោក និងស្វាគមន៍អនាគតចិន និងកម្ពុជាជាមិត្តជិតខាងនិងមិត្ត “ដែកថែប”។
លោកចាត់ទុកខេត្ដយូណាន ជាខេត្តមានចម្ងាយជិតកម្ពុជាជាងគេ ក្នុងបណ្តាខេត្តប្រទេសចិន កិច្ចសហប្រតិបត្តិការរវាងខេត្តយូណាន និងប្រទេសកម្ពុជាក្នុងវិស័យកសិកម្ម វប្បធម៌ ទេសចរណ៍ អប់រំ សុខាភិបាល និងជីវភាពប្រជាជនជាដើម បានរីកចម្រើនកាន់តែស៊ីជម្រៅ។ លោក Zhai Yulong រម្លឹកផងដែរថា នៅឆ្នាំ២០០៤ កម្ពុជាបានបង្កើតស្ថានអគ្គកុងស៊ុលប្រចាំនៅទីក្រុងគុនមីង ខេត្តយូណាន។ ខែមេសា ឆ្នាំ២០០៧ រដ្ឋបាលខេត្តយូណាន និងខេត្ដសៀមរាបបានសម្រេចរួមគ្នាក្នុងគម្រោងកសាង “ឧទ្យានគំរូមិត្តភាពវិទ្យាសាស្ត្រ និងបច្ចេកទេសកសិកម្មយូណាន-សៀមរាប ។ គម្រោងនេះ បានសាងសង់រួចនៅខែតុសា ឆ្នាំ២០១០ ជួយដោះស្រាយបញ្ហាពាក់ព័ន្ធវិស័យកសិកម្មជាច្រើន។
លោកបន្ថែមថា នៅខែតុលា ឆ្នាំ២០១៦ ក្រុមហ៊ុន Yunnan Investment Group និងក្រុមហ៊ុន Yunnan Construction and Investment Group ក្រុមហ៊ុន Yunnan Airport Group បានបង្កើតក្រុមហ៊ុនបណ្តាក់ទុនរួមគ្នា ហើយចុះហត្ថលេខាជាមួយរាជរដ្ឋាភិបាលកម្ពុជាលើកិច្ចព្រមព្រៀងគម្រោងអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ តាមរបៀប BOT។ ឥឡូវនេះ អាកាសយានដ្ឋានអន្តរជាតិសៀមរាប អង្គរបានសម្រេចបញ្ចប់ការសាងសង់រួចដែលនឹងចាប់ផ្តើមប្រតិបត្តិការជាផ្លូវការក្នុងឆ្នាំនេះ ប្រាកដនឹងបញ្ចូលកម្លាំងខ្លាំងសម្រាប់ការអភិវឌ្ឍសង្គមនិងសេដ្ឋកិច្ចខេត្តសៀមរាប៕