ព័ត៌មានជាតិ

រដ្ឋមន្ដ្រីមហាផ្ទៃ​ ណែនាំកម្លាំងនគរបាលជាតិ ត្រូវការពារពលរដ្ឋជាប់ជាប្រចាំ មិនថាយប់ មិនថាថ្ងៃ

រូបភាពពី៖​ ហ្វេសប៊ុក ឯកឧត្តម ស សុខា

ភ្នំពេញ​ ៖​ អភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានណែនាំកងកម្លាំងនគរបាលជាតិ ត្រូវអនុវត្តជាប់ជាប្រចាំ មិនថាយប់ មិនថាថ្ងៃ ដើម្បីបម្រើ ការពារជូនប្រជាពលរដ្ឋ។

ក្នុងពិធីជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងស្នងការដ្ឋាននគរបាលជាតិរាជធានី-ខេត្ត​ នារសៀលថ្ងៃទី២​៩​ ខែសីហា​ ឆ្នាំ២០២៣នេះ​ នៅទីស្ដីការក្រសួង​ លោកឧបនាយករដ្ឋមន្ដ្រី ស​ សុខា​ បានណែនាំដល់ស្នងការនគរបាលរាជធានីភ្នំពេញ ដែលទើបចូលកាន់មុខតំណែង ឱ្យបន្តបេសកម្មបំពេញតួនាទីភារកិច្ច ដឹកនាំ គ្រប់គ្រង និងថែរក្សានូវសន្តិសុខ សុវត្ថិភាពសាធារណៈឱ្យបានម៉ឺងម៉ាត់ និងត្រូវថែរក្សានូវស្នាដៃចាស់ដែលមានស្រាប់ឱ្យរឹតតែមានភាពរីកចម្រើនក្នុងវិស័យកងកម្លាំងនគរបាលជាតិ។

លោកឧបនាយករដ្ឋមន្ដ្រី បានគូសបញ្ជាក់ថា “កងកម្លាំងនគរបាលជាតិ គឺមានភារកិច្ចជាប់ខ្លួនជានិច្ច ដែលត្រូវអនុវត្តជាប់ជាប្រចាំ មិនថាយប់ មិនថាថ្ងៃ ដើម្បីបម្រើ ការពារជូនប្រជាពលរដ្ឋ”។

ទន្ទឹមនោះដែរ លោកឧបនាយករដ្ឋមន្ដ្រី ក៏បានណែនាំបន្ថែមដល់អគ្គស្នងការដ្ឋាននគរបាលជាតិ និងបណ្តាស្នងការដ្ឋាននគរបាលជាតិរាជធានី-ខេត្ត ទាំងអស់ត្រូវរៀបចំផែនការសកម្មភាពរបស់ខ្លួនឱ្យបានច្បាស់លាស់ សម្រាប់អនុវត្តបន្តក្នុងឆ្នាំ២០២៣-២០២៤ ដើម្បីរួមគ្នាដោះស្រាយកាត់បន្ថយបញ្ហា និងគ្រោះថ្នាក់ផ្សេងៗ ដែលនៅសេសសល់ ដែលផ្តោតសំខាន់លើ ៥ចំណុច រួមមាន៖ ១.បញ្ហាគ្រឿងញៀន, ២.បញ្ហាចរាចរណ៍, ៣.អំពើឆក់ប្លន់, ៤.ការជួញដូរមនុស្ស, ៥.ក្មេងទំនើង និង ៦.បញ្ហាព្រំដែន សម្រាប់ស្នងការដ្ឋានដែលមានព្រំប្រទល់ជាប់ប្រទេសជិតខាង។

លើសពីនេះទៀត លោកឧបនាយករដ្ឋមន្ដ្រី ណែនាំដល់រដ្ឋលេខាធិការទទួលបន្ទុក និងអគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ត្រូវត្រួតពិនិត្យធ្វើបច្ចុប្បន្នភាពឡើងវិញចំពោះ មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលនៅមូលដ្ឋាន ពិនិត្យមើលឱ្យបានគ្រប់ជ្រុងជ្រោយពីបញ្ហានានារបស់បុស្តិ៍នគរបាលរដ្ឋបាល ដែលកំពុងជួបប្រទះ ជាពិសេស ការកង្វះមន្ត្រីបំរេីការងារ ដែលជាកម្លាំងដ៏សំខាន់នៅកៀកនឹងប្រជាពលរដ្ឋក្នុងការថែក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គមនៅមូលដ្ឋាន និងបម្រើសេវាផ្សេងៗ ជូនប្រជាពលរដ្ឋ ជាពិសេស ចូលរួមអនុវត្តនូវគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព៕

To Top