ព័ត៌មានជាតិ

លោក ឆាយ ឫទ្ធិសែន ផ្ដួចផ្ដើមគំនិតបង្កើត “សមាគមមន្ដ្រីរាជការ ក្រសួងអភិវឌ្ឍន៍ជនបទ” ក្នុងគោលបំណង រក្សាចំណងសាមគ្គីភាព និងមិត្តភាព

រូបភាព៖ ក្រសួងអភិវឌ្ឍន៍ជនបទ

ភ្នំពេញ៖ នៅក្នុងជំនួបសំណេះសំណាល និងសាកសួរសុខទុក្ខ ជាមួយថ្នាក់ដឹកនាំ និងមន្រ្ដីរាជការ នៃនាយកដ្ឋានផ្គត់ផ្គង់ និងហិរញ្ញវត្ថុ និង នាយកដ្ឋានផែនការ និងទំនាក់ទំនងសាធារណៈ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានផ្ដួចផ្ដើមគំនិតក្នុងការបង្កើត “សមាគមមន្ដ្រីរាជការក្រសួង អភិវឌ្ឍន៍ជនបទ” ក្នុងគោលបំណង រក្សាចំណងសាមគ្គីភាព និងមិត្តភាព។

រូបភាព៖ ក្រសួងអភិវឌ្ឍន៍ជនបទ

យោងតាមក្រសួងអភិវឌ្ឍន៍ជនបទ បានឱ្យដឹងថា លោក ឆាយ ឫទ្ធិសែន បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់ថ្នាក់ដឹកនាំ មន្ត្រីជំនាញនាយកដ្ឋាន ជាពិសេសសមិទ្ធផលនានា ដែលនាយកដ្ឋានទាំងពីរ សម្រេចបាននាពេលកន្លងមក។

ឆ្លៀតក្នុងឱកាសនោះ លោករដ្ឋមន្រ្ដី បានផ្ដល់នូវអនុសាសន៍ណែនាំ និងផ្តាំផ្ញើជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការក្រោមឱវាទ នាយកដ្ឋានដូចខាងក្រោម៖

រូបភាព៖ ក្រសួងអភិវឌ្ឍន៍ជនបទ

-ផ្អែកលើសមិទ្ធផលមានស្រាប់ ត្រូវបន្តខិតខំបំពេញការងារបន្ថែមទៀត ដើម្បីបង្កើនសមិទ្ធផលថ្មី
-នាយកដ្ឋានទាំង២ ត្រូវត្រៀម រៀបចំបូកសរុបរបាយការណ៍ ប្រចាំឆ្នាំ ដើម្បីប្រារព្ធធ្វើសន្និបាត បូកសរុបលទ្ធផលការងារ សម្រាប់ឆ្នាំ២០២៣ និងលើកទិសដៅ ការងារឆ្នាំ ២០២៤ នាថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២៣ ។
-ត្រូវខិតខំជំរុញ បញ្ចប់ការរៀបចំ គោលនយោបាយជាតិ អភិវឌ្ឍន៍ជនបទ និងបទដ្ឋានគតិយុត្តចាំបាច់នានា ដើម្បីជំរុញការងារអភិវឌ្ឍន៍ជនបទ ឱ្យកាន់តែរីកចម្រើន ស្របតាមចក្ខុវិស័យកម្ពុជា ជាប្រទេសចំណូលមធ្យម កម្រិតខ្ពស់ឆ្នាំ ២០៣០ និងជាប្រទេស មានចំណូលខ្ពស់នៅឆ្នាំ ២០៥០
-ថ្នាក់ដឹកនាំត្រូវមានព្រហ្មវិហារធម៌ និងមានយុត្តិធម៌ ក្នុងការដឹកនាំ និងការបែងចែកភារកិច្ច ជូនមន្ត្រីឱ្យបានគ្រប់គ្នា
-មន្ត្រីគ្រប់ជាន់ថ្នាក់តាមនាយកដ្ឋាន ត្រូវគោរពវិន័យ គោរពការចាត់តាំង គោរពក្រមសីលធម៌ គោរពវិន័យរបបប្រជុំ (ប្រជុំប្រចាំខែ ប្រចាំត្រីមាស) និងប្រឹងប្រែង បំពេញភារកិច្ចរបស់ខ្លួនឱ្យកាន់តែប្រសើរ ។
-នាយកដ្ឋានផ្គត់ផ្គង់ និងហិរញ្ញវត្ថុ ត្រូវខិតខំជំរុញការផ្ដល់សម្ភារ ជូននាយកដ្ឋាននានា ឱ្យបានទាន់ពេលវេលា
-ត្រូវយកចិត្តទុកដាក់ចំពោះស្រ្ដី ជាពិសេសស្ដ្រីមានផ្ទៃពោះ មន្ត្រីរាជការមានជំងឺ និងនិវត្តន៍ជន

ក្នុងនោះលោកលរដ្ឋមន្រ្តី បានផ្ដួចផ្ដើមគំនិតក្នុងការបង្កើត “សមាគមមន្ដ្រីរាជការក្រសួងអភិវឌ្ឍន៍ជនបទ” ក្នុងគោលបំណងរក្សាចំណងសាមគ្គីភាព និងមិត្តភាព ៕

To Top