ព័ត៌មានជាតិ

រដ្ឋមន្រ្តីធនធានទឹក បេ្តជ្ញាបន្តថែរក្សា ការពារសមិទ្ធផលចាស់ និងបង្កើនសមិទ្ធផលថ្មីៗ

រូបភាព៖ ក្រសួងធនធានទឹក

ភ្នំពេញ ៖ លោក ថោ ជេដ្ឋា រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម បានធ្វើការ បេ្តជ្ញាចិត្តយ៉ាងមោះមុត ដើម្បីបន្តថែរក្សា ការពារ សមិទ្ធផល ដែលមានពីមុនមក និងបង្កើនសមិទ្ធផលថ្មីៗ ក្នុងស្មារតីសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងកិច្ចសហប្រតិបត្តិការល្អ​ខណៈ កិច្ចការងារដ៏ឧត្តុមឧត្តុង្គនេះ ទាមទារឱ្យមានការចូលរួមទាំងអស់គ្នា ទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ របស់ក្រសួង ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ។

រូបភាព៖ ក្រសួងធនធានទឹក

ការប្ដេជ្ញានេះ ធ្វើឡើងក្នុងឱកាស ដែលលោករដ្ឋមន្រ្តី និង លោក លឹម គានហោ អតីតរដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម បានជួបសំណេះ​សំណាលលើកដំបូង ​ជាមួយថ្នាក់ដឹកនាំក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិ ទន្លេមេគង្គកម្ពុជា និងអាជ្ញាធរ​ទន្លេសាប នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ ។

ថ្លែងក្នុងពិធីនេះ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានសម្តែងនូវការដឹងគុណ យ៉ាងជ្រាលជ្រៅបំផុត គោរពជូន ចំពោះសម្តេចតេជោ ហ៊ុន សែន ប្រធានឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និង ជាអតីតនាយករដ្ឋមន្ត្រី ដែលតែងផ្តល់ការយកចិត្ត ទុកដាក់ខ្ពស់ ក្នុងវិស័យធនធានទឹក និងឧតុនិយម ។

រូបភាព៖ ក្រសួងធនធានទឹក

លោករដ្ឋមន្ត្រី បានថ្លែងអំណរគុណ និងដឹងគុណយ៉ាងជ្រាលជ្រៅ គោរពជូនចំពោះលោក លឹម គានហោ អតីតរដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ជាវីរជន របស់ក្រសួង ​ដែលបានបន្សល់ទុកនូវស្នាដៃ និងសមិទ្ធផលជាច្រើន ។ លោកបានរម្លឹកឡើង អំពីសារសំខាន់ នៃវិស័យធនធានទឹក ដែលត្រូវ បានរំលេចឡើង យ៉ាងច្រើន ក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ និងបានថ្លែងថា វិស័យធនធានទឹកមានភាពស្មុគស្មាញ ដែលត្រូវការធនធានមនុស្សដែលមានជំនាញ​ច្បាស់លាស់ ដើម្បីបំពេញការងារ ។

លោកកិត្តិបណ្ឌិត លឹម គានហោ បានមានមតិសំណេះសំណាល ដោយបានលើកសរសើរ ដល់លោករដ្ឋមន្ត្រី ថោ ជេដ្ឋា និងបានសម្តែងនូវការ គោរពដឹងគុណ ចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានផ្តល់នូវសេចក្តីទុកចិត្ត ដល់លោកក្នុងការងារដឹកនាំគ្រប់គ្រង ក្រសួងធនធានទឹក និងឧតុនិយម ក្នុងរយៈពេល ៥អាណត្តិកន្លងមក ។

រូបភាព៖ ក្រសួងធនធានទឹក

លោក លឹម គានហោ ក៏បានផ្តាំផ្ញើឱ្យយកចិត្តទុកដាក់ លើការងារបច្ចេកទេស ដែលមានលក្ខណៈស្មុគស្មាញ ពិសេសការងារសាងសង់ ដោយប្រើប្រាស់ភាពច្នៃប្រឌិត និងភាពប៉ិនប្រសប់ក្នុងការដោះស្រាយបញ្ហាចំពោះមុខ។ លោកមានក្តីសង្ឃឹមយ៉ាងមុតមាំ លើរដ្ឋមន្ត្រីថ្មី ដើម្បីដឹកនាំក្រសួងធនធានទឹក និងឧតុនិយមកាន់តែមាន ការអភិវឌ្ឍរីកចម្រើន ។

លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ក៏បានសម្តែងនូវការគាំទ្រ និងថ្លែងអំណរគុណ និងដឹងគុណយ៉ាងជ្រាលជ្រៅគោរពជូនចំពោះ កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានផ្តល់សេចក្តីទុកចិត្ត និងផ្តល់ឱកាសដល់រូបលោក ឱ្យចូលរួម ជាមួយរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្នុងនាមជារដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម ដើម្បីបន្តបេសកកម្មដ៏ឧត្តុង្គឧត្តមលើវិស័យធនធានទឹក និងឧតុនិយម ឱ្យកាន់តែរីកចំរើន កាន់តែល្អប្រសើរទ្វេឡើងថែមទៀត ។

រូបភាព៖ ក្រសួងធនធានទឹក

លោករដ្ឋមន្ត្រី ក្រសួងធនធានទឹក និងឧតុនិយម មានជំនឿយ៉ាងមុតមាំ និង ការប្តេជ្ញាចិត្តខ្ពស់ ព្រមជាមួយនឹងសេចក្តីសង្ឃឹមថា រួមគ្នាជាធ្លុងមួយបំពេញ ឱ្យបាននូវបេសកកម្មចម្បង ដែល​រាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា បានប្រគល់ជូន៕

To Top