ភ្នំពេញ ៖ អភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានព្រមានដកមន្ត្រីរូបណា ជាប់ពាក់ព័ន្ធនឹងគ្រឿងញៀន ព្រមទាំងលុបបំបាត់នូវវប្បធម៌អន្តរាគមន៍គ្រប់ប្រភេទ ដែលពាក់ព័ន្ធបទល្មើសនានា។
ក្នុងពិធីប្រកាសចូលកាន់មុខតំណែង អគ្គលេខាធិការ អគ្គនាយក និងប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា នៃក្រសួងមហាផ្ទៃ នាថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង លោកឧបនាយករដ្ឋមន្ដ្រី ស សុខា បានថ្លែងថា «ការងារពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀនកន្លងមក មានស្នងការរងម្នាក់ បានបន្លំឯកសារ ដោយអន្តរាគមន៍ដល់ សម្តេចក្រឡាហោម ពេលនោះ នីតិកាលទី៦ ប៉ុន្តែឥលូវនេះនីតិកាលទី៧ យើងលុបបាត់ចោល។ អាណត្តិទី៧នេះ ចំពោះអ្នកដែលមានតួនាទីជាកងកម្លាំងប្រដាប់អាវុធ បើមានការស្រាវជ្រាវឃើញពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀនខ្ញុំគិតថា ពួកគាត់មិនគួរនៅជាមួយពួកយើងទៀតទេ»។
លោកឧបនាយករដ្ឋមន្ដ្រី លើកឡើងថា មន្ត្រីដែលពាក់ព័ន្ធគ្រឿងញៀននោះ បើទុកទៅមិនដឹងមានប្រយោជន៍អ្វីទៀតនោះទេ។
លោកឧបនាយករដ្ឋមន្ដ្រី បន្ថែមថា ក្រៅពីការអន្តរាគមន៍ចំពោះគ្រឿងញៀន ក៏មានការលុបំបាត់ចំពោះការអន្តរាគមន៍ករណីផ្សេងទៀតផងដែរ។ ជាមួយគ្នានោះដែរ លោក ឧបកនាយករដ្ឋមន្ត្រី បានអះអាងថា នឹងលុបបំបាត់ចំពោះការអន្តរាគមន៍ណាមួយ ដែលធ្វើឲ្យប៉ះពាល់ដល់ប្រទេសជាតិ ដែលជាចំណុចមួយសំខាន់ណាស់។
លោក ឧបនាយករដ្ឋមន្ដ្រី បន្ថែមថា យុត្តិធម៌សង្គម នឹងចាប់ផ្តើមអនុវត្តចាប់ពីអាណត្តិទី៧នេះ តទៅ។ យុត្តិធម៌សង្គម មិនមែនទាល់តែការធ្វើអំពើល្អជាមួយប្រជាពលរដ្ឋនោះទេ គឺត្រូវចាប់ផ្តើមចេញពីខ្លួនឯង។ លោកឧបនាយករដ្ឋមន្ដ្រី សុំការយោគយល់ចំពោះ ថ្នាក់ដឹកនាំក្នុងក្រសួងមហាផ្ទៃ ក្នុងការផ្ទេរ ឬតែងតាំងនៅអគ្គនាយករដ្ឋានផ្សេងៗទៀត ត្រូវផ្អាកជាបណ្តោះអាសន្ន ការធ្វើបែបនេះ ដើម្បីឲ្យអ្នកថ្មីមានភាពរឹងមាំផ្លូវចិត្ត ក្នុងការរៀបចំរចនាសម្ព័ន្ធខ្លួន ដែលគិតថាអាចធ្វើបាន៕