ព័ត៌មានជាតិ

ឧបនាយករដ្ឋមន្ដ្រី ស សុខា ឱ្យលុបបំបាត់ ករណីដឹកនាំកងកម្លាំងនគរបាល ទៅការពារដីឯកជនដែលមានជម្លោះ

ភ្នំពេញ៖ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំឲ្យលុបបំបាត់ ករណីដឹកនាំកងកម្លាំងនគរបាលជាតិ ទៅការពារដីឯកជន ដែលមានជម្លោះ ។

ក្នុងពិធីប្រកាសចូលកាន់មុខតំណែង នៃអគ្គនាយកដ្ឋាន​ ចំណុះឱ្យក្រសួងមហាផ្ទៃ នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ លោកអភិសន្តិបណ្ឌិត ស សុខា បានថ្លែងថា បើមានករណីនេះ ត្រូវពិនិត្យក្នុងការដាក់ទោសទណ្ឌ ព្រោះមិនអាចយកកងកម្លាំងទៅប្រើប្រាស់ លើការងារបុគ្គលបាននោះទេ។

លោកអភិសន្តិបណ្ឌិត ស សុខា បានគូសបញ្ជាក់ថា «កន្លងទៅយើងឃើញថា មានថ្នាក់ដឹកនាំមួយចំនួន បានដឹកកម្លាំងរបស់ខ្លួន ទៅការពារដីឯកជនមួយចំនួន ដែលមានជម្លោះ ឬមួយដឹកនាំកម្លាំងទាំងស៊ីវិល ឬផ្នែកកងកម្លាំងនគរបាលរបស់យើង ទៅការពារដីទាំងនោះ ដែលមិនមានជាអត្ថប្រយោជន៍រួម កន្លែងនេះយើងត្រូវគួរលុបបំបាត់»។

លោកអភិសន្តិបណ្ឌិត បានបន្ថែមថា ពាក់ព័ន្ធនឹងការងារផ្ដល់សេវាជូនប្រជាពលរដ្ឋ គ្រប់ស្ថាប័ន អង្គភាព ចំណុះឱ្យក្រសួងមហាផ្ទៃ ត្រូវកំណែទម្រង់នូវចំណុចមួយចំនួន ដើម្បីឱ្យការផ្ដល់ សេវាកាន់ តែឆាប់រហ័ស ខណៈការងារខ្លះ នៅមានភាពយឺតយ៉ាវ បង្កការរំខានដល់ ប្រជាពលរដ្ឋ អ្នកទទួលសេវា ។

លោកអភិសន្តិបណ្ឌិត ស សុខា ជំរុញបន្ថែមទៅដល់អគ្គនាយក នៃអគ្គនាយកដ្ឋាន ដែលទើប ឡើងកាន់មុខតំណែងថ្មី បន្តខិតខំអភិវឌ្ឍស្ថាប័ន និងពង្រឹងសមត្ថភាពបុគ្គលិកឱ្យកាន់តែល្អប្រសើរ ក៏ដូច ជាត្រូវសហការគ្នាឱ្យបានល្អ បម្រើប្រជាពលរដ្ឋ ឱ្យកាន់តែមានប្រសិទ្ធភាព ជាពិសេស នៅក្នុងរាជរដ្ឋាភិបាល នីតិកាលទី៧នេះ ៕

To Top