ភ្នំពេញ៖ សមត្ថកិច្ចចម្រុះដឹកនាំដោយលោក សូ សុវិទ្យា ព្រះរាជអាជ្ញារងសាលាដំបូងខេត្តត្បូងឃ្មុំ និងលោក ព្រាប គារ៉ាត់ ប្រធានការិយាល័យស្រាវជ្រាវ និងបង្រ្កាបអំពើរត់ពន្ធតំបន់០៦ នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ បានចុះបង្រ្កាប ទីតាំងផលិតបារី ដោយគ្មានលិខិតអនុញ្ញាតត្រឹមត្រូវ២កន្លែង ស្ថិតភូមិដារកណ្ដោល ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។
ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានរកឃើញ វត្ថុធាតុដើម និងសម្ភារៈផលិតបារីមួយចំនួនដូចជា ៖ ម៉ាស៊ីនផលិតបារីចំនួន០២គ្រឿង , ម៉ាស៊ីនវេចខ្ចប់បារីចំនូន០២គ្រឿង , សរសៃថ្នាំជក់ទំងន់ ២៤០០ គីឡូក្រាម, កាវទំងន់ ១៥០០ គីឡូក្រាម , ស្នោកន្ទុយបារី ទំងន់២៦៩៦ គីឡូក្រាម ,ថង់ខ្មៅ ទំងន់ ៣៦៨០ គីឡូក្រាម , ស្គុត ទំងន់ ១៤៤៣ គីឡូក្រាម , បារីម៉ាក EESE ចំនួន ១២៧៣ ប៊ិក , បារីម៉ាក HUANGHELOU ចំនួន ១៩០ប៊ិក និងសំបកវេចខ្ចប់បារី ចំនួន ២៤០៨កេស ។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានបង្ហើបឳ្យដឹងថា នៅពេលសមត្ថកិច្ចកំពុងចុះប្រតិបត្តិការមានអ្នកទូរស័ព្ទមកអន្តរាគមន៍ផងដែរ តែសមត្ថកិច្ចនៅតែបន្តនីតិវិធី។
បើតាមប្រភពព័ត៌មាន បានឱ្យដឹងថា នៅក្នុងពេលប្រតិបត្តិការ របស់កម្លាំងសមត្ថកិច្ច មានឧកញ៉ាម្នាក់ បានទូរស័ព្ទមកគំរាម តែមិនមានប្រសិទ្ធភាព ដោយកម្លាំងសមត្ថកិច្ច នៅតែបន្ដប្រតិបត្តិការ ហើយអនុវត្តវិធានការច្បាប់ យ៉ាងតឹងរឹង បំផុតចំពោះសកម្មភាព ខុសច្បាប់នេះ៕