ព័ត៌មានជាតិ

នាយករដ្ឋមន្ដ្រី ហ៊ុន ម៉ាណែត៖ ការតែងតាំងមន្ត្រីតាមក្រសួង ត្រូវឈរលើគុណធម៌ និងបន្ស៊ីគ្នារវាងអ្នកចាស់ និងអ្នកថ្មី

ភ្នំពេញ៖ កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ការតែងតាំងមន្ដ្រីតាមបណ្ឌាក្រសួងនានា ត្រូវឈរលើគោលការណ៍គុណធម៌ធិបតេយ្យ និងបន្ស៉ីគ្នារវាង អ្នកចាស់ និងអ្នកថ្មី ដោយគោរពគ្នាតាមឋានានុក្រម។

នាឱកាសអញ្ជើញចុះជួប សំណេះសំណាលជាមួយកម្មករ ជាង១ម៉ឺននាក់ នៅក្រុងតាខ្មៅ នាថ្ងៃទី១ កញ្ញា កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានក្រើនរំលឹកដល់រដ្ឋមន្រ្ដី តាមបណ្ដាក្រសួងស្ថាប័ន ជាពិសេសក្រសួងស្ថាប័នថ្មី ដែលត្រូវរៀបចំមន្រ្ដី ត្រូវពង្រឹងគោលបំណងនៃប្រសិទ្ធភាពស្ថាប័ន គឺរក្សាប្រសិទ្ធភាព និងសាមគ្គីភាពផ្ទៃ ក្នុងនោះទើបអាចដើរទៅមុខទាំងអស់គ្នាបាន។

កិត្តិទេសាភិបាលបណ្ឌិត បានគូសបញ្ជាក់ថា «ខ្ញុំ មិនលូកដៃក្នុងការតែងតាំងនោះទេ ខ្ញុំទុកឆន្ទានុសិទ្ធិជូន ក្របខណ្ឌចាត់តាំង សូមឲ្យពិចារណា នឹងគិតគូរឲ្យបានច្បាស់លាស់ ការតែតាំង ចាត់តាំង ត្រូវផ្អែកលើគុណធិបតេយ្យ គុណសម្បត្តិ សមត្ថភាព និងអតីភាពការងារ ការខិតខំផ្សាំគ្នា បន្ស៉ីគ្នារវាងមន្ដ្រីចាស់ និងមន្ដ្រីថ្មី»។

កិត្តិទេសាភិបាលបណ្ឌិតបន្ដថា ព្រោះប្រធានស្ថាប័នជាមជ្ឈមណ្ឌលឯកភាពផ្ទៃក្នុង ត្រូវបន្ស៊ីគ្នា ខណៈមន្ដ្រីចាស់ មន្ដ្រីថ្មី គឺឈាមខ្មែរតែមួយ ដើម្បីរួបរួមគ្នាកសាងប្រទេសជាតិ។ គុណធម៌ នៃការចាត់តាំង និងតែងតាំង ត្រូវគិតគូរ អំពីការប្រើប្រាស់កម្លាំងទាំងអស់ ដោយមិនគិតថា «អ្នកនេះចាស់ អ្នកនោះថ្មី» គឺធ្វើយ៉ាងណាឲ្យអ្នកចាស់ និងអ្នកថ្មី កុំប្រកាន់គ្នា ធ្វើឲ្យមានការឯកភាពគ្នា ហើយគោរពគ្នាទៅវិញទៅមក ទៅតាមឋានានុក្រមផងដែរ៕


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top