កោះកុង ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា គិតត្រឹមថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ ផ្លូវជាតិលេខ៤៨ សម្រេចការសាងសង់បាន ប្រមាណ ៣៥%ហើយ ។
តួលេខនេះបង្ហាញឱ្យឃើញថា គម្រោងកំពុងមានវឌ្ឍនភាព បើទោះជាមានភាពយឺតយ៉ាវ ជាងផែនការបន្តិចក៏ដោយ ។ ភាពយឺតយ៉ាវនេះបណ្តាលមកពីកត្តាភូមិសាស្រ្ត កត្តាអាកាសធាតុ បញ្ហាកូវីដ១៩ និងការប្រែប្រួលបន្ថែម ទំហំការងារមួយចំនួន។

នាថ្ងៃទី៣១ សីហា គណ:ប្រតិភូអន្តរក្រសួង បានចុះត្រួតពិនិត្យគុណភាព និងវឌ្ឍនភាពការសាងសង់ផ្លូវជាតិលេខ ៤៨ ក្នុងគោលបំណង ធ្វើការតាមដានការសាងសង់ ដើម្បីធានាថា ក្រុមហ៊ុនអនុវត្តបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេសដែលបានកំណត់ សំដៅឱ្យខ្សែផ្លូវមានគុណភាព អាចប្រើប្រាស់បានយូរអង្វែង ។

គណ:ប្រតិភូ ចុះត្រួតពិនិត្យរួមលេីកទី៣នេះ ដឹកនាំដោយ លោក សូរ វ៉ិចទ័រ រដ្ឋលេខាធិការក្រសួង សាធារណការ និងដឹកជញ្ជូន ដោយមានការ ចូលរួមពីថ្នាក់ដឹកនាំ តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មូលនិធិសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច (EDCF) អង្គភាពពាក់ព័ន្ធ ព្រមទាំងក្រុមការងារ បច្ចេកទេសរបស់ក្រុមហ៊ុនសាងសង់កូរ៉េ ILSUNG & HANIL Joint Venture និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស KCI & KECC Joint Venture ផងដែរ។

ជាការឆ្លើយតប ទៅលើភាពយឺតយ៉ាវ ក្រុមហ៊ុនអនុវត្តការសាងសង់បានស្នើសុំពន្យាពេលចំនួន ១០ខែ ដោយគ្រោងបញ្ចប់នៅខែមេសា ឆ្នាំ២០២៥ខាងមុខ ។ លោក រដ្ឋលេខាធិការ ក៏បានក្រើនរលឹកដល់ក្រុមហ៊ុនសាងសង់ និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស ត្រូវអនុវត្តការងារសាងសង់ គម្រោងឱ្យបានចប់រួចរាល់ តាមផែនការដែលបានស្នើសុំ។
ជាមួយគ្នានេះ លោករដ្ឋលេខាធិការ ក៏បានចុះសិក្សាពិនិត្យលទ្ធភាពក្នុងការលើកកម្រិតគុណភាពកំណាត់ផ្លូវជាតិលេខ ៤៨ ដែលនៅសល់ប្រវែង ៧,៨គីឡូម៉ែត្រ ចាប់ពីគល់ស្ពានកោះកុង រហូតដល់ច្រកទ្វារព្រំដែនអន្តរជាតិ ចាំយាម-ក្លងយ៉ៃ និងគម្រោងស្ថាបនាស្ពានកោះកុងថ្មី អមស្ពានចាស់ ដែលមានប្រវែងប្រមាណ ១៩០០ម៉ែត្រ ផងដែរ៕


