កណ្តាល ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចំអកផ្តាំទៅមេខ្លោង កៀរគរពលរដ្ឋ ធ្វើបាតុកម្ម ប្រឆាំង រូបលោកនៅអាមេរិកសុំកុំរត់ចោលកូនចៅ នៅពេលធ្វើបាតុកម្ម ព្រោះកន្លងមក តែងតែរត់ចោលរហូត ។
ថ្លែងក្នុងពិធីសំណេះសំណាល ជាមួយកម្មករ និយោជិត ជិត២ម៉ឺននាក់ នៅខេត្តកណ្តាល នាព្រឹកថ្ងៃទី១ ខែកញ្ញាឆ្នាំ២០២៣ កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានឲ្យដឹងថា នៅថ្ងៃទី២០ កញ្ញាខាងមុខនេះ លោកនឹងទៅសហរដ្ឋអាមេរិក ហើយនឹង មានការជួបជាមួយបងប្អូន ប្រជាពលរដ្ឋខ្មែរ ដែលកំពុង រស់នៅទីនោះផងដែរ។ កិត្តិទេសាភិបាលបណ្ឌិត លើកឡើងថា ទន្ទឹមនឹងមាននឹងជួបជុំបងប្អូនខ្មែរ ក៏មានបងប្អូនមួយចំនួន ដែលគាំទ្រក្រុមប្រឆាំង បានកំពុងកៀរគរប្រមូលគ្នា ធ្វើបាតុកម្មប្រឆាំងផងដែរ ។
ពាក់ព័ន្ធនឹងបាតុកម្មនេះ នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ៖ «ដូចអ្វីដែលខ្ញុំនិយាយអីចឹង កុំតែធ្វើអ្វីខុសច្បាប់ ប្រយ័ត្នអាមេរិកចាប់ ហើយអ្នករៀបចំប្រមូល កៀរគរគេធ្វើបាតុកម្ម ទទួលខុសត្រូវផង កុំរត់ចោលគ្នា ។ ភាគច្រើនអ្នកដែលប្រមូលគេ ធ្វើបាតុកម្មតែងតែរត់ចោលគេ អត់ដែលឃើញមុខទេ ខ្លះរត់ទៅអាហ្វ្រិក ទៅនៅអាហ្វ្រិក បាត់ហើយបាតុករ នាំគា្នហាលព្យុះ ហាលទឹកស្រែកជេរទៅ» ។
ប្រមុខរាជរដ្ឋាភិបាល វ័យក្មេង របស់កម្ពុជា ក៏បានលើកឡើងថា លោកស៊ាំរួចទៅហើយ ចំពោះការធ្វើបាតុកម្មប្រឆាំង របស់ក្រុមបាតុករនេះ ។ នៅពេលចេញទៅក្រៅម្តងៗ បើសិនអត់មានគេធ្វើបាតុកម្មប្រឆាំង ដូចជាភ័យខ្លួនយ៉ាងម៉េចទៅវិញទេ ។
កិត្តិទេសាភិបាលបណ្ឌិត បានបញ្ជាក់ថា ៖ «មានបងប្អូនថា ខ្លះសួរថាហេតុអ្វីមិនឲ្យបងប្អូន ចេញទៅជេរជាមួយក្រុមបាតុកម្មវិញ? ខ្ញុំថាមិនចាំបាច់ធ្វើទេ ព្រោះគ្មានចំណេញអ្វីទេ ។ បងប្អូនបញ្ចេញមតិ ជាសិទ្ធិរបស់គាត់ កុំឲ្យខ្មាសគេ ព្រោះសុទ្ធតែខ្មែរនាំគ្នាជេរគ្នានៅ ក្នុងប្រទេសគេ»។
ជាមួយគ្នានោះដែរ នាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ថារាល់ការ ជួបជាមួយបងប្អូនពលរដ្ឋខ្មែរ នៅក្រៅប្រទេស តែងតែគិតពីផលប្រយោជន៍ ជូនពួកគាត់ ដូចជានីតិវិធី នៃការធ្វើវីសារជូនពួកគាត់ ជាដើម ។ មិនថា តែបងប្អូនប្រជាពលរដ្ឋខ្មែរ នៅក្នុងប្រទេសនោះទេ ទោះបីជាជាបងប្អូនខ្មែរនៅ ក្រៅប្រទេសរាជរដ្ឋាភិបាល ក៏តែងតែធ្វើការគិតគូរ ដល់ពួកគាត់ផងដែរ ព្រោះវាជាបន្ទុករបស់ រាជរដ្ឋាភិបាល ។
លោកបណ្ឌិតបញ្ជាក់ថា «ទោះបីជាគាត់បាតុកម្មប្រឆាំងយើងក៏ដោយ តែកុំឲ្យ គាត់ធ្វើហួសព្រំដែន ។ ពេលគាត់ចូលមកដល់ ក្នុងប្រទេសយើង ជួយគាត់ ឯរឿងគាត់ធ្វើ បាតុកម្មជារឿងគាត់ហើយ យើងមិនដែលគិតថា គាត់បាតុកម្ម ហើយមកដល់ខ្មែរ យើងចាប់គាត់នោះទេ»។
ប្រមុខរាជរដ្ឋាភិបាលក៏បានអំពាវនាវដល់បាតុករដែលនឹងធ្វើបាតុកម្មប្រឆាំងលោកកុំធ្វើអ្វីដែលខុសច្បាប់ព្រោះការបញ្ចេញមតិជាសិទ្ធិរបស់បុគ្គលដូចគ្នា។ យ៉ាងណាក្តី នាយករដ្ឋមន្ត្រី បានស្នើឲ្យប្រជាពលរដ្ឋ ធ្វើការចាប់ដៃគ្នា ទោះបីជាធ្វើការប្រឆាំងក៏ដោយ សុទ្ធតែខ្មែរដូចគ្នា ហើយងាកមកសហការគ្នាវិញ។ ហើយលោកមិនធ្វើការតបតវិញនោះទេ ទោះបីជាគេធ្វើអ្វីធ្វើទៅ ៕