ព្រះវិហារ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម នៅថ្ងៃទី១ខែកញ្ញា ឆ្នាំ២០២៣ នេះ បានដឹកនាំសហការី អញ្ជើញ ចុះទស្សនកិច្ចសិក្សា ខ្សែចង្វាក់ផលិតកម្មកែច្នៃស្វាយចន្ទី នៅក្រុមហ៊ុន សាន់តាណា អាហ្រ្គោ ប្រដាក់ ឯ.ក ដែលមានអាស័យដ្ឋានស្ថិតនៅ ភូមិជិអោក ឃុំរមណីយ៍ ស្រុករវៀង ខេត្តព្រះវិហារ។
បច្ខុប្បន្នក្រុមហ៊ុនកំពុងធ្វើការដាំដុះ និងប្រមូលផលស្វាយចន្ទីលើផ្ទៃដីចំនួន ១០០០ ហិកតា ហើយក្រុមហ៊ុនផ្ទាល់បានធ្វើការកែច្នៃស្វាយចន្ទី សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញទៅទីផ្សារប្រទេសចិន អឺរ៉ុប ជាដើម។ ម្យ៉ាងទៀត, ក្រុមហ៊ុន មានឃ្លាំងស្តុកដែលអាចផ្ទុកបានដល់ចំនួន ៥ ពាន់តោន សម្រាប់ស្តុកទុកធ្វើការកែច្នៃផងដែរ។
ឆ្លៀតក្នុងឱកាសនោះដែរ លោកបណ្ឌិតប្រតិភូ បានបញ្ជាក់ពីការជួយគាំទ្រដល់ក្រុមហ៊ុន និងលើកទឹកចិត្ត និងជម្រុញអោយក្រុមហ៊ុនបន្តការវិនិយោគពង្រីកលើការដាំដុះ និងកែច្នៃស្វាយចន្ទី អោយបានកាន់តែច្រើន និងទូលំទូលាយ ដើម្បីសម្រេចអោយបាន ស្របតាមគោលនយោបាយ ដែលបានដាក់ចេញ ដោយរាជរដ្ឋាភិបាល៕