ព័ត៌មានជាតិ

កម្ពុជា-វៀតណាម នឹងបន្តរីកចម្រើនលើគ្រប់វិស័យ ដោយសារសាមគ្គីភាព និងយោគយល់គ្នាទៅវិញទៅមក

រូបភាព៖ ក្រសួងការបរទេសខ្មែរ

ភ្នំពេញ៖ ក្នុងឱកាសចូលរួមជាភ្ញៀវកិត្តិយស អបអរសាទរបុណ្យជាតិ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម លើកទី៧៨ កាលពីថ្ងៃទី៣០ សីហា លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសខ្មែរ បានបញ្ជាក់ថា ប្រទេសទាំងពីរ កម្ពុជា-វៀតណាមនឹងបន្តរីកចម្រើនលើគ្រប់វិស័យនៅគ្រប់កម្រិត ដោយសារសាមគ្គីភាព ការជឿទុកចិត្តគ្នា និងការយោគយល់គ្នាទៅវិញទៅមក។

ក្នុងពិធីនោះដែរឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា បានកត់សម្គាល់នូវការលះបង់ និងការប្តេជ្ញាចិត្តរបស់ប្រជាជនវៀតណាម នៅក្នុងបុព្វហេតុដ៏លំបាក ដើម្បីទទួលបាននូវឯករាជ្យ និងការស្តារប្រទេសឡើងវិញរបស់ពួកគេ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយចក្ខុវិស័យរបស់បក្សកុម្មុយនីស្តវៀតណាម។ ចាប់តាំងពីការចាប់ផ្តើមនៃគោលនយោបាយ Doi Moi ក្នុងឆ្នាំ ១៩៨៦ វៀតណាមបានដឹកនាំកំណែទម្រង់ និងកាច់ចង្កូតប្រទេសឆ្ពោះទៅរកការអភិវឌ្ឍសេដ្ឋកិច្ចទីផ្សារតាមបែបសង្គមនិយម។ សព្វថ្ងៃនេះ វៀតណាមមានអត្រាកំណើនសេដ្ឋកិច្ចលឿនបំផុតមួយក្នុងពិភពលោក ក្នុងនាមជាតារាលេចធ្លោបំផុតរបស់អាស៊ី។

លោកឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ជាថ្មីថា កម្ពុជា និងវៀតណាម គឺជាអ្នកជិតខាងដ៏ល្អ។ ចំណងមិត្តភាពដ៏រឹងមាំនេះត្រូវបានពូនជ្រំជាច្រើនឆ្នាំមកហើយ។ ប្រទេសទាំងពីរ បានរួមសុខ និងទុក្ខជាមួយគ្នាដោយបានតស៊ូ លះបង់ ជួបការលំបាក ភាពរីករាយ និងការជួយគ្នាទៅវិញទៅមក ។

លោករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា «ប្រទេសទាំងពីរនឹងបន្តរីកចម្រើនលើគ្រប់វិស័យនៅគ្រប់កម្រិត ដោយសារសាមគ្គីភាព ការជឿទុកចិត្តគ្នា និងការយោគយល់គ្នាទៅវិញទៅមក។ ជាងនេះទៅទៀត ចំណងមិត្តភាពដ៏យូរអង្វែងរវាងកម្ពុជា និងវៀតណាម ត្រូវបានថែរក្សា និងពូនជ្រំដោយថ្នាក់ដឹកនាំកម្ពុជាជាច្រើនជំនាន់មកហើយ រាប់ពីជំនាន់ ព្រះករុណា ព្រះបាទសម្ដេចព្រះនរោត្ដម សីហនុ «ព្រះបរមរតនកោដ្ឋ» អតីតព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដល់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីកម្ពុជា និងឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ ក្នុងរយៈពេលច្រើនទសវត្សរ៍នេះ ទំនាក់ទំនងនេះកាន់តែស៊ីជម្រៅ និងត្រូវបានពង្រីកឥតឈប់ឈរលើគ្រប់វិស័យ រួមទាំងការប្រាស្រ័យទាក់ទងកម្រិតខ្ពស់ ចំណងផ្នែកសេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងទំនាក់ទំនងរវាងប្រជាជននិងប្រជាជន កិច្ចសហប្រតិបត្តិការការពារជាតិនិងសន្តិសុខ ព្រមទាំងកិច្ចសហប្រតិបត្តិការក្រោមក្របខ័ណ្ឌពហុភាគីផងដែរ» ។

ផ្អែកលើសមិទ្ធផលដ៏គួរឱ្យកត់សម្គាល់ទាំងនេះលោកឧបនាយករដ្ឋមន្ត្រី ជឿជាក់ថា ជំនួបការងារ នៅសប្តាហ៍ក្រោយ នៅរដ្ឋធានីហ្សាការតា ប្រទេសឥណ្ឌូនេស៊ី រវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ នឹងកាន់តែពង្រីកបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគី។ ការប្រាស្រ័យទាក់ទងនេះនឹងផ្តល់ ផលប្រយោជន៍ល្អបំផុតសម្រាប់ ប្រជាជននៃប្រទេសទាំងពីរ ខណៈដែលកម្ពុជា និងវៀតណាម បាននិងកំពុងធ្វើការឆ្ពោះទៅរកចក្ខុវិស័យរួម ដើម្បីសន្តិភាព ស្ថិរភាព ភាពសុខដុមរមនា និងវិបុលភាពរបស់សហគមន៍អាស៊ាន និងពិភពលោក ៕

To Top