ភ្នំពេញ៖ នាថ្ងៃចន្ទទី៤ ខែកញ្ញា ឆ្នាំ២០២៣ សប្តាហ៍ក្រោយ កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញទៅឥណ្ឌូណេស៊ី ដើម្បីចូលរួមក្នុងជំនួបកំពូលអាស៊ាន, ជំនួបកំពូលអាស៊ានបូក និង ជំនួបកំពូលអាស៊ីបូព៌ា។ សម្រាប់កម្ពុជាដែលជាសមាជិករបស់អាស៊ានតាំងពីឆ្នាំ១៩៩៩មកម្ល៉េះ ជំនួបកំពូលទាំងអស់នេះ ជាបណ្ដុំព្រឹត្តិការណ៍តំបន់សំខាន់ជាងគេបង្អស់ប្រចាំឆ្នាំ។
សម្រាប់ប្រមុខរាជរដ្ឋាភិបាលថ្មីនៃកម្ពុជាវិញ ទាំងនេះគឺជាឱកាសមួយពោរពេញទៅដោយនិមិត្តរូបនយោបាយ។ ម្យ៉ាង ពីព្រោះ ជាលើកទីមួយបង្អស់ហើយ ដែលលោកបណ្ឌិត, ក្នុងនាមជានាយករដ្ឋមន្ត្រីថ្មីនៃប្រទេសកម្ពុជាតាំងពីថ្ងៃទី២២សីហាមកម្ល៉េះ, នឹងបង្ហាញមុខជាផ្លូវការលើឆាកអន្តរជាតិ។ ម្យ៉ាងទៀត ពីព្រោះនៅថ្ងៃទី៥កញ្ញាខាងមុខនេះ នៅទីក្រុងចាកាតា លោកបណ្ឌិត នឹងមានឈ្មោះជាមេដឹកនាំកំពូលក្មេងជាងគេបង្អស់ ក្នុងចំណោមមេដឹកនាំកំពូលបច្ចុប្បន្នទាំង១០រូបរបស់អាស៊ាន។
ម្យ៉ាងចុងក្រោយ ពីព្រោះពីថ្ងៃទី៥ដល់ថ្ងៃទី៧កញ្ញា ក្នុងរយៈពេលតែ២ថ្ងៃប៉ុណ្ណោះ នៅទីក្រុងចាកាតា ដដែលបណ្ឌិត ហ៊ុន ម៉ាណែត នឹងឃើញ, នឹងចាប់ដៃ, នឹងជួបជាផ្លូវការឬក្រៅផ្លូវការ, ប្រមុខរដ្ឋឬប្រមុខរដ្ឋាភិបាលឬក៏ថ្នាក់ដឹកនាំជាន់ខ្ពស់ចំនួន១៧នាក់យ៉ាងតិច ដែលមកពីបណ្តាប្រទេសអាស៊ីអាគ្នេយ៍, ចិន, ជប៉ុន, កូរ៉េខាងត្បូង, ឥណ្ឌា, អាមេរិក, រុស្ស៊ី, អូស្ត្រាលី, និង នូវែលសេឡង់។
ប្រជាជាតិកម្ពុជាទាំងមូលគួរតែនិងត្រូវតែមានមោទនភាព ពីព្រោះកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ត្រៀមរួចរាល់អស់ហើយ ទាំងកម្លាំងប្រាជ្ញា ទាំងកម្លាំងកាយ និង ទាំងកម្លាំងចិត្ត ដើម្បីការពារឧត្តមប្រយោជន៍ជាតិយើងនៅចំពោះមុខសមាជិកអាស៊ាន៩ដទៃផ្សេងទៀត និងដើម្បីការពារផលប្រយោជន៍រួមរបស់អាស៊ាននៅចំពោះមុខបណ្តាប្រទេសដៃគូសន្ទនារបស់អាស៊ាន។ បញ្ហាតំបន់ និងបញ្ហាអន្តរជាតិដែលប្រមុខរាជរដ្ឋាភិបាលវ័យក្មេងរបស់យើង ត្រូវចូលរួមដោះស្រាយ មានច្រើនណាស់, ជាអាទិ៍ វិបត្តិរ៉ាំរ៉ៃនៅមីយ៉ាន់ម៉ា, ការប្រជែងឥទ្ធិពលគ្នារវាងកំពូលមហាអំណាចពិភពលោក និង រវាងមហាអំណាចតំបន់ នៅក្នុងលំហនៃដែនអាស៊ី-ប៉ាស៊ីហ្វិក, និងជាពិសេស វិបត្តិសេដ្ឋកិច្ចសកលដែលបាននិងកំពុងបន្តជះផលអវិជ្ជមានមកលើជាតិមាតុភូមិយើង។
កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត មានសមត្ថភាពហួសពីគ្រប់គ្រាន់ និង មានឆន្ទៈមោះមុតខ្លាំងណាស់ ដើម្បីលើកតម្កើងមុខមាត់កិត្តិយសនៃព្រះរាជាណាចក្រកម្ពុជា នៅលើឆាកអន្តរជាតិ។ ម្ល៉ោះហើយ ប្រជាជាតិកម្ពុជាទាំងមូលគួរតែនិងត្រូវតែរួបរួមគ្នាជាធ្លុងមួយ នៅពីក្រោយមេដឹកនាំប្រកបដោយថាមពលរបស់យើងរូបនេះ ដែលអាស៊ាននិងពិភពលោក នឹងសម្លឹងមើលហើយវាយតម្លៃ នៅទីក្រុងចាកាតា ប្រទេសឥណ្ឌូណេស៊ី សប្តាហ៍ក្រោយនេះ៕ ប្រភព៖ លោក ហ្សង់ ហ្វ្រង់ស័រ តាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការការបរទេស និងសហប្រតិបត្តិការអន្តរជាតិ