ព័ត៌មានជាតិ

ក្រសួងបរិស្ថាន ឱ្យចាត់វិធានការ ជួយសង្គ្រោះសត្វត្មាតនៅកម្ពុជា

ភ្នំពេញ ៖ ក្រសួងបរិស្ថាន បានណែនាំឱ្យចាត់វិធានការ ការពារ និងជួយសង្គ្រោះចំនួនសត្វត្មាត នៅប្រទេសកម្ពុជា ដែលនៅសេសសល់។

តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៣នេះ ក្រសួងបរិស្ថាន បានអបអរសាទរទិវាសត្វត្មាតអន្តរជាតិ ២០២៣ ទិវាយល់ដឹងសត្វត្មាតអន្តរជាតិ គឺជាឱកាសសម្រាប់មនុស្សជុំវិញពិភពលោក ធ្វើការចែករំលែកព័ត៌មាន និងបទពិសោធន៍ និងលើកទឹកចិត្តឲ្យមានចូលរួមការពារសត្វស្លាបដ៏អស្ចារ្យនេះ»។

ក្រសួង គូសបញ្ជាក់ថា «សត្វត្មាតចំនួនបីប្រភេទមាន ដូចជា៖ ត្មាតផេះ ត្មាតត្នោត និងត្មាតភ្លើង រស់ជាអចិន្ត្រៃយ៍នៅប្រទេសកម្ពុជា បាននិងកំពុងរងកាគម្រាមកំហែងយ៉ាងធ្ងន់ធ្ងរឈានទៅដល់ការជិតផុតពូជ។ សត្វត្មាតរងការគម្រាមកំហែង ដូចជា ការបំពុល ការរំខានទីតាំងសំបុក ដែលតម្រូវឲ្យ ចាត់វិធានការការពារ និងជួយសង្គ្រោះ ចំនួនសត្វត្មាត ដែលនៅសេសសល់ទាំងនោះ»។

ក្រសួង បន្ថែមថា ចាប់តាំងពីឆ្នាំ២០១០មក ចំនួនសត្វត្មាតនៅក្នុងប្រទេសកម្ពុជា ដែលមានកត់ត្រា នៅតាមអាហារដ្ខានត្មាត បានចាប់ផ្តើមថយចុះ ប៉ន្តែដោយសារការធ្វើការអភិរក្ស យ៉ាងយកចិត្តទុកដាក់ ធ្វើឲ្យទិន្ន័យចំនួនសត្វត្មាត ហាក់មានស្ថេរភាពក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ។ សត្វត្មាតទាំងនោះ ត្រូវបានគេរកឃើញមានវត្តមាននៅក្នុងខេត្តចំនួន៥ គឺ ខេត្តស្ទឹងត្រែង ព្រះវិហារ ក្រចេះ មណ្ឌលគិរី និងរតនគិរី ទីតាំង ដែលមានវត្តមានសត្វត្មាតច្រើនជាងគេ គឺស្ថិតនៅក្នុងស្រុកសៀមប៉ាងភាគខាងជើងជិតព្រំដែនប្រទេសកម្ពុជា-ឡាវ។

លើសពីនេះ ក្រសួងបរិស្ថាន បន្ថែមថា ការងារអភិរក្សសត្វត្មាត នៅក្នុងប្រទេសកម្ពុជា ដឹកនាំដោយក្រសួងបរិស្ថាន សហការជាមួយក្រសួង ស្ថាប័ន ពាក់ព័ន្ធ និងអង្គការក្រៅរដ្ឋាភិបាលមួយចំនួនទៀត បានខិតខំប្រឹងប្រែងធ្វើការរួមគ្នា អភិរក្សសត្វត្មាតនៅកម្ពុជា។
សូមបញ្ជាក់ថា នៅក្នុងរបាយការណ៍ជំរឿនសត្វត្មាតឆ្នាំ២០២២ ត្មាតរស់នៅក្នុងប្រទេសកម្ពុជាសរុប ចំនួន ១៣៤ ក្បាល ក្នុងនោះ មានត្មាតភ្លើង ១៩ក្បាល ត្មាតត្នោត៤២ក្បាល និងត្មាតផេះចំនួន៧៣ ក្បាល៕

To Top