ព័ត៌មានជាតិ

អង្គការILO បង្ហាញថា កម្ពុជា មានអត្រានៃអ្នកមានការងារធ្វើ ៩៩,៥% ជាប់លំដាប់ថ្នាក់លេខ២​ លើពិភពលោក ​បន្ទាប់ពីប្រទេសកាតា

អង្គការអន្តរជាតិខាងការងារ (ILO) បានបង្ហាញលើវេបសាយផ្លូវការបស់ខ្លួនថា កម្ពុជាជាប្រទេសដែលមានអត្រាអត់ការងារធ្វើតិចបំផុតត្រឹម០,៥%ដែលមានន័យថា អ្នកមានការងារធ្វើមានរហូតដលើ៩៩,៥% ដែលឈរនៅលំដាប់ទី២ បន្ទាប់ពីប្រទេសកាតា (០,១%) ដែលមានអត្រាអ្នកអត់ការងារទាបជាងគេ ក្នុងចំណោម១៨៥ប្រទេស។

តាមរយៈរបាយការណ៍ ILO បានរកឃើញធ្វើឡើងនៅក្នុងឆ្នាំ២០១៩ អង្គការអន្តរជាតិមួយនេះ ក៏បានបញ្ជាក់ថា ប្រទេសដែលមានអត្រាការងារធ្វើខ្ពស់ផ្សេងៗទៀតរួមមាន៖ កាតា, ម៉ូលឌូវ៉ា, ម៉ាឡាវី, ប៊ូរួនឌី, ឆាដ, ថៃ, អាឡឺម៉ង់ ជាដើមសុទ្ធតែជាប្រទេស​ដែលមានអត្រាអត់ការងារធ្វើតិចតួច។

តាមនិយមន័យក្នុងការកំណត់អត្រាអ្នកអត់ការងារធ្វើ ឬភាពមានការងារធ្វើសម្រាប់ប្រទេសកម្ពុជា គឺមិនខុសពីបណ្តាប្រទេសនានានៅលើពិភពលោក រួមបញ្ចូលទាំងប្រទេសជប៉ុន សហរដ្ឋអាម៉េរិក ឡាវ វៀតណាម ជាដើម ដោយប្រើប្រាស់នូវនិយមតែមួយរបស់អង្គការអន្តរជាតិខាងការងារ (ILO) ដែលបានកំណត់ថា  អ្នកមានការងារធ្វើគឺសំដៅលើបុគ្គលទាំងឡាយណាដែលស្ថិតនៅក្នុងវ័យធ្វើការ ដែលក្នុងរយៈពេលកំណត់ណាមួយ (មួយអាទិត្យ ឬ៧ថ្ងៃចុងក្រោយ) បានចូលរួមទៅក្នុងសកម្មភាពនានាក្នុងការផលិតផលិតផល ឬផ្តល់សេវាកម្ម ដើម្បីទទួលបានប្រាក់ខែ ឬការបង្កើតជាប្រាក់ចំណេញ ដែលក្នុងនោះរួមបញ្ចូលទាំងអ្នកដែលមានវត្តមាននៅកន្លែងធ្វើការ និងអ្នកដែលអវត្តមាននៅកន្លែងធ្វើការដោយសារ តែការឈប់សម្រាកដោយសារមានជំងឺ ជាប់រវល់ធ្វើការសិក្សា ឬកត្តាផ្សេងៗ។

ដោយឡែក អ្នកគ្មានការងារធ្វើសំដៅលើ គឺសំដៅលើបុគ្គលទាំងឡាយណាដែលស្ថិតនៅក្នុងវ័យធ្វើការ ដែល (១) មិនមានការងារ (២) ហើយកំពុងស្វែងរកការងារ (៣)និងអាចទទួលយកឱកាសការងារប្រសិនបើមាន។

ដោយផ្អែកលើនិយមន័យនេះ យើងសង្កេតឃើញថា ប្រទេសនៅលើពិភពលោក បានទទួលជំនួយបច្ចេកទេសពីអង្គការអន្តរជាតិខាងការងារ ក្នុងបានប្រមូលនិងផលិតនូវទិន្នន័យទាក់ទងនឹងអ្នកមានការងារធ្វើ និងអ្នកគ្មានការងារធ្វើ ដែលយើងអាចទាញយកទិន្នន័យទាំងអស់នេះបានជាសាធារណៈពី https://ilostat.ilo.org/data/# ។ 

យោងតាមប្រភពទិន្នន័យរបស់ ILOនេះ បានបង្ហាញថា ចាប់តាំងពីឆ្នាំ១៩៩១ ប្រទេសកម្ពុជារក្សាបាននូវអត្រាអ្នកអត់ការងារធ្វើ នៅក្នុងកម្រិតមួយទាបជាង ១%  ហើយកម្រិតនៃអត្រាអ្នកអត់ការងារធ្វើនេះគឺទាបជាងគេប្រសិនបើប្រៀបធៀបជាមួយនឹងបណ្តាក្រុមប្រទេស ដែលមានសេដ្ឋកិច្ចប្រហាក់ប្រហែលកម្ពុជា និងទាបជាងបណ្តាប្រទេសនានា នៅក្នុងតំបន់ ដូចជាប្រទេសថៃ វៀតណាម និងឡាវ៕

To Top