ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន ប្រកាសប្រើប្រាស់ Facebook ឡើងវិញ

ភ្នំពេញ៖សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៣នេះ បានប្រកាសប្រើប្រាស់ Facebook ឡើងវិញ បន្ទាប់ពីក្រុមហ៊ុននេះ បានផ្តល់យុត្តិធម៌ជូនសម្ដេច។

នៅលើបណ្ដាញសង្គមហ្វេសប៊ុក សម្ដេចតេជោ ហ៊ុន សែន បានសរសេរយ៉ាងដូច្នេះថា៖«បងប្អូនជនរួមជាតិជាទីស្រឡាញ់! ខ្ញុំសម្រេចមកប្រើប្រាស់Facebook វិញ គួបផ្សំជាមួយtwitter,YouTube,TikTok Telegram,instagram,បន្ទាប់ពីក្រុមហ៊ុនFacebookទាត់ចោលអនុសាសន៍របស់ក្រុមមនុស្សខូចនិងផ្តល់
យុត្តិធម៍សម្រាប់រូបខ្ញុំ។ ខ្ញុំសង្ឃឹមថាក្រុមហ៊ុនFacebook នឹង ប្រកាន់ខ្ជាប់នូវក្រមសីលធម៍មិនងងិតងងុលដូចក្រុមមនុស្សខូចដែលជាមនុស្ស មិនត្រូវបានស្វាគមន៍នៅកម្ពុជានោះឡើយ»។
សម្ដេចតេជោ សង្ឃឹមថាក្រុមហ៊ុនFacebook នឹងទទួល បានប្រាក់ចំណេញលើស២០០លានដុល្លារ ក្នុងមួយឆ្នាំនៅកម្ពុជា ឯរាជរដ្ឋាភិបាលទទួលបាន១០ភាគរយ ដែលមានទឹកប្រាក់លើស២០លានដុល្លារ ក្នុងមួយឆ្នាំ(តួរលេខផ្នែកពន្ធដារ)។
សម្ដេច បញ្ជាក់បន្ថែមថា«ការសម្រេចប្រើឬមិនប្រើFacebook គឺជាសិទ្ធផ្តាច់មុខរបស់ខ្ញុំ(only one Hun Sen)។ចាប់ពីពេលនេះទៅបងប្អូន អាចរកខ្ញុំឃើញនៅគ្រប់បណ្តាញសង្គម តែភាគច្រើនខ្ញុំនៅជាមួយTikTok និង Telegram »។
សម្ដេចតេជោ បានឱ្យដឹងបន្ថែមថា ក្រសួងប្រៃសណីយ៍ និងទូរគនាគមន៍បាន ចេញសេចក្តីប្រកាសទទួលយកតំណាង ក្រុមហ៊ុនFacebookឲ្យចូលមកធ្វើការនៅកម្ពុជាវិញតែមិនស្វាគមន៍ក្រុមមនុស្សខូចដែលផ្តល់អនុសាសន៍មិនត្រឹមត្រូវនោះ ឡើយ។
សម្ដេចតេជោ ហ៊ុន សែន អំពាវនាវជាថ្មីម្តងទៀតចំពោះបងប្អូន ដែលប្រើឈ្មោះរបស់សម្ដេចបង្កើត Facebook, TikTokក្លែងក្លាយ សូមលុបចោលជាបន្ទាន់ដើម្បីជៀសវាងការភ័យច្រឡំ៕

To Top