ភ្នំពេញ៖ លោកបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានណែនាំឲ្យមន្ដ្រីក្រោមឱវាទ បន្ដពង្រឹងក្រមសីលធម៌ គោរវិន័យឲ្យបានខ្ជាប់ខ្ជួន «កុំពើងទ្រូង កុំក្រអើតក្រទម» និងជំរុញក្រុមការងារទាំងអស់ ឲ្យមានប្រសិទ្ធភាពកាន់តែខ្លាំងថែមទៀត។
ក្នុងពិធីជួបសំណេះសំណាល ជាមួយថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ព្រមទាំងប្រធានអង្គភាពនានាចំណុះក្រសួងនាថ្ងៃ៤ កញ្ញា លោកឧបនាយករដ្ឋមន្ដ្រី ស សុខា បានថ្លែងថា ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ បន្ដអនុវត្តប្រកបដោយការទទួលខុសត្រូវ និងមានប្រសិទ្ធភាពខ្ពស់ ទៅតាមតួនាទី ភារកិច្ចរបស់ខ្លួន ដូចជា ៖ បន្ដដំណើរការងាររបស់ខ្លួនប្រកបដោយនិរន្ដរ៍ភាព ជាមួយការបន្ដពង្រឹងការទទួលខុសត្រូវ សមត្ថភាព គុណភាព និងភាពជាប្រចាំស្របតាមផែនការ យុទ្ធសាស្ដ្រដែលបានគ្រោងទុក។
លោកឧបនាយករដ្ឋមន្ដ្រីផ្តាំថា ត្រូវបន្ដទំនាក់ទំនងល្អដោយបរិយាប័ន្ន និងស័ក្ដសិទ្ធភាព ក្នុងការបម្រើការងារទាំងក្នុងអង្គភាព និងក្រៅអង្គភាព ប្រកបដោយតម្លាភាព ចីរភាព និងគុណភាព ដើម្បីឆ្លើយតបនឹងតម្រូវការ ពិសេសអភិបាលកិច្ចល្អ ក៏ដូចជាបន្ដកិច្ចសហប្រតិបត្តិការរវាងក្រសួង ស្ថាប័ន ទាំងថ្នាក់ជាតិ និងអន្ដរជាតិ ដើម្បីចូលរួមចំណែកសម្រេច ឲ្យបាននូវផែនការរបស់ក្រសួងមហាផ្ទៃ ព្រមទាំងយុទ្ធសាស្ដ្របញ្ចកោណ របស់រាជរដ្ឋាភិបាល ក្នុងនីតិកាលទី៧។
លោកគូសបញ្ជាក់ថា «ថ្នាក់ដឹកនាំក្រសួង មន្ដ្រីរាជការស៉ីវិល មន្ដ្រីនគរបាលជាតិ និងមន្ដ្រីពន្ធនាគារ បន្ដពង្រឹងក្រមសីលធម៌ គោរវិន័យឲ្យបានខ្ជាប់ខ្ជួន កុំពើងទ្រូង កុំក្រអើតក្រទម និងជំរុញក្រុមការងារទាំងអស់ឲ្យ មានប្រសិទ្ធភាពកាន់តែខ្លាំងថែមទៀត និងប្រើប្រាស់ប្រព័ន្ធឌីជីថល ដើម្បីការអនុវត្តការងារឲ្យកាន់តែ មានប្រសិទ្ធភាពខ្ពស់»។
លោកឧបនាយករដ្ឋមន្ដ្រី ស សុខា បន្ថែមទៀតថា ថ្នាក់ដឹកនាំតាមផ្នែកអង្គភាពទាំងអស់ នៃក្រសួងមហាផ្ទៃ បង្កើនការយកចិត្ដទុកដាក់ដោះស្រាយបញ្ហា សំណូមពរ ដែលជាការប្រឈមនានា របស់ប្រជាពលរដ្ឋដែលបានផ្ញើមកដោយផ្ទាល់ ឬតាមរយៈការខំមិន តាមបណ្ដាញសង្គមផ្សេងៗ ពាក់ព័ន្ធអង្គភាពរបស់ខ្លួន កុំចាត់ទុកថារឿងតូចមិនចាត់ការ រឿងធំបានចាត់ការ។ សូមកុំភ្លេចថា កន្ទុយបារីមួយតូច អាចដុតផ្ទះថ្មដ៏ស្កឹមស្កៃឲ្យរលាយ បានដូច្នេះយើងជាសមត្ថកិច្ច ត្រូវតែបន្ដបំពេញបម្រើប្រជាពលរដ្ឋ ឲ្យអស់ពីកម្លាំងកាយចិត្ត៕