ភ្នំពេញ៖ គណបក្សប្រជាជនកម្ពុជា និងគណបក្សកុម្មុយនីស្តចិន បន្តពង្រឹងកិច្ចសហប្រតិបត្តិការឆ្ពោះទៅ ការកសាងសហគមន៍ជោគវាសនារួម កម្ពុជា-ចិន ក្នុងយុគសម័យថ្មី ។
នេះបើតាមការគូសបញ្ជាក់របស់ភាគីកម្ពុជា-ចិន នាថ្ងៃទី៤ កញ្ញានេះ ក្នុងជំនួបរវាងសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងលោក លីវ ជានឆាវ រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង អន្តរជាតិនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ។

កិច្ចពិភាក្សាបានផ្តោតលើ ប្រធានបទទ្វេភាគីជាច្រើន ដែលផ្ដល់ប្រយោជន៍ទៅវិញទៅមក រួមមាន សភាពការណ៍ក្រោយការបោះឆ្នោតនៅកម្ពុជា ការប្រារព្ធខួបអនុស្សាវរីយ៍លើកទី៦៥ នៃការបង្កើតទំនាក់ទំនង ការទូត និងឆ្នាំមិត្តភាពកម្ពុជា-ចិន និងកិច្ចសហប្រតិបត្តិការរវាង គណបក្សកាន់អំណាចទាំងពីរ។
នៅក្នុងឱកាសនៃការប្រារព្ធខួបលើកទី៦៥ នៃទំនាក់ទំនងការទូត និងឆ្នាំមិត្តភាពកម្ពុជា-ចិន ភាគី ទាំងពីរបានពិភាក្សាអំពីផែនការសកម្មភាព ដើម្បីជំរុញបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការពហុវិស័យ រួមមាន ទំនាក់ទំនងនយោបាយ ការទូត ការពង្រីកពាណិជ្ជកម្ម ការសម្របសម្រួលការវិនិយោគ ការលើកកម្ពស់វិស័យ ទេសចរណ៍ ការផ្លាស់ប្តូរលើវិស័យអប់រំ ការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធ និងកិច្ចសហប្រតិបត្តិការលើវិស័យ សន្តិសុខ។

លោក លីវ ជានឆាវ បានបញ្ជាក់នូវការប្តេជ្ញាចិត្តឥតងាករេ របស់ប្រទេសចិនក្នុងការគោរពអធិបតេយ្យ របស់កម្ពុជា និងបានពាំនាំនូវការគាំទ្រយ៉ាងពេញទំហឹងរបស់ អគ្គលេខាធិការបក្ស ស៊ី ជិនភីង ចំពោះរាជរដ្ឋាភិបាលថ្មី ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ក្នុងការជ្រើសរើសមាគ៌ាអភិវឌ្ឍន៍ស្របតាម លក្ខខណ្ឌជាតិរបស់កម្ពុជា។
គណបក្សប្រជាជនកម្ពុជា ក៏បានបញ្ជាក់សារជាថ្មីពីការ ប្តេជ្ញាចិត្តយ៉ាងមោះមុត ក្នុងការបន្តពង្រឹងនិងពង្រីក កិច្ចសហការកសាងសហគមន៍ ជោគវាសនារួមកម្ពុជា-ចិន ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់ ព្រមទាំងលើកកម្ពស់ក្របខ័ណ្ឌ កិច្ចសហប្រតិបត្តិការត្បូងពេជ្រ ដើម្បីជាផលប្រយោជន៍ ទៅវិញទៅមកសម្រាប់ គណបក្ស ប្រទេស និងប្រជាជនទាំងពីរ។

គណបក្សប្រជាជនកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រ និងជំនួយអភិវឌ្ឍន៍ ជាច្រើនរបស់ប្រទេសចិន រួមមានការផ្តល់វ៉ាក់សាំងជំងឺកូវីដ-១៩ និងអាហារូបករណ៍ ដែលបានចូលរួមចំណែក យ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា ថែមទាំងបានជួយពង្រឹងការ កសាងជាតិនិងចូលរួមកាត់បន្ថយភាពក្រីក្រ។
គណបក្សទាំងពីរ បានសម្តែងនូវការពេញចិត្តចំពោះសន្ទុះដ៏រឹងមាំ និងប្រកបដោយថាមវន្តនៃភាពជា ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនៃ កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដើម្បីវិបុលភាព សន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ។
គណបក្សទាំងពីរ ប្តេជ្ញាបង្កើនទំនាក់ទំនងគ្រប់ថ្នាក់ គ្រប់ផ្នែក ជាពិសេសអង្គការមហាជន និងយុវជន ព្រមទាំងរួមគ្នាដើម្បីធ្វើឱ្យគម្រោង «ផ្ទះយុវជនសម្រាប់មិត្តភាពកម្ពុជា-ចិន» ដំណើរការបានល្អប្រសើរ ។
គណបក្សទាំងពីរ បានវាយតម្លៃខ្ពស់អំពីការអនុវត្តយ៉ាងខ្ជាប់ខ្ជួន នូវអនុស្សរណៈយោគយល់ស្ដីពី កិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូររវាងគណបក្សទាំងពីរ ដែលត្រូវបានចុះហត្ថលេខាក្រោមអធិបតីភាព របស់ សម្តេចតេជោប្រធានគណបក្ស។ គណបក្សទាំងពីរនឹងប្តេជ្ញា បន្តការប្រាស្រ័យទាក់ទងគ្នា ការផ្លាស់ប្តូរ ទស្សនកិច្ច និងការគាំទ្រគ្នាទៅវិញទៅមកក្នុងវេទិកាតំបន់ និងអន្តរជាតិ៕
