ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងនាមជាមេដឹកនាំវ័យក្មេងជាងគេនាពេលបច្ចុប្បន្ន សម្រាប់ថ្នាក់ដឹកនាំអាស៊ានទាំង១០ ប្រទេសបានចាត់ទុកការដោះស្រាយបញ្ហាផ្ទៃក្នុងជាកិច្ចការដ៏សំខាន់សម្រាប់អាស៊ាន ជាពិសេសលើបញ្ហានៅប្រទេសមីយ៉ាន់ម៉ា ។
ក្នុងឱកាសទទួលជួបសម្តែងការគួរសម ជាមួយលោក កៅ គឹមហួន អគ្គលេខាធិការអាស៊ាន នារសៀលថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣ នៅរដ្ឋធានីហ្សាការតា សាធារណរដ្ឋឥណ្ឌូនេស៊ី សម្តេច ហ៊ុន ម៉ាណែត បានរំលេចពីគុណតម្លៃនៃសន្តិភាព ដោយក្នុងនោះ សម្តេចបានបញ្ជាក់ជាមួយ អគ្គលេខាធិការអាស៊ានថា “ឯកឧត្តមអគ្គលេខាធិការអាស៊ាន យល់ច្បាស់ណាស់អំពីតម្លៃ នៃសន្ដិភាពហើយ ប្រសិនបើនៅក្នុងតំបន់មានអស្ថិរភាព និងមានការលំបាក នោះនឹងធ្វើឱ្យ ប៉ះពាល់ដល់សេដ្ឋកិច្ចអាស៊ានទាំងមូល” ។
សម្តេចនាយករដ្ឋមន្ត្រីសង្កត់ធ្ងន់ថា “ដូច្នេះអាស៊ាន ត្រូវដើរតួនាទីយ៉ាងសំខាន់ ក្នុងការពង្រឹង ថែរក្សា សន្ដិភាព ស្ថិរភាព ហើយក៏ជាកិច្ចដ៏សំខាន់ ដោះស្រាយបញ្ហាផ្ទៃក្នុង របស់សមាជិកអាស៊ាន ដែលត្រូវតែខិតខំរកដំណោះស្រាយរួមគ្នា ជាពិសេសលើបញ្ហា នៅប្រទេសមីយ៉ាន់ម៉ា”។
សម្ដេចធិបតី បានលើកឡើងថា អាស៊ានដើរតួនាទីសំខាន់ ក្នុងការជួយគាំទ្រដល់មីយ៉ាន់ម៉ា និងលើកទឹកចិត្តដល់អគ្គលេខាធិការអាស៊ាន ក្នុងការជួយស្វែងរកជំនួយមនុស្សធម៌ ជូនប្រជាជនភូមា”។
សូមរំលឹកថា ក្នុងអំឡុងពេលកម្ពុជាជាប្រធានអាស៊ាន បញ្ហាមីយ៉ានម៉ា ក៏ត្រូវបានចាត់ទុកជាកង្វល់មួយ ក្នុងចំណោមកង្វល់ជាច្រើន សម្រាប់អាស៊ានទាំងមូលរួមគ្នាដោះស្រាយ ក្នុងនោះអាស៊ាន ធ្លាប់បានព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុច ស្តីពីមីយ៉ាន់ម៉ា៕