ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ អាស៊ានត្រូវពង្រឹង សមាហរណកម្មសេដ្ឋកិច្ច ក្នុងតំបន់ ឱ្យកាន់តែស៊ីជម្រៅ

រូបភាព៖ នាយករដ្ឋមន្ដ្រី

ភ្នំពេញ ៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា អាស៊ានចាំបាច់ ត្រូវមានកិច្ចសហប្រតិបត្តិការស្អិតរមួត ហើយត្រូវពង្រឹងឱ្យកាន់តែស៊ីជម្រៅ នូវសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់។

នាឱកាសចូលរួមថ្លែងសុន្ទរកថាពិសេស ក្នុងកិច្ចប្រជុំកំពូលធុរកិច្ច និង វិនិយោគអាស៊ាន ឆ្នាំ២០២៣ នៅទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូនេស៊ី នាថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា «ក្នុងនាមជាសេដ្ឋកិច្ចលំដាប់ទី៥ ក្នុងសកល, អាស៊ានចាំបាច់ត្រូវមានកិច្ចសហប្រតិបត្តិការស្អិតរមួត, ប្រកាន់ខ្ជាប់នូវគោលការណ៍ឯកភាព និង មជ្ឈភាពអាស៊ាន និងត្រូវពង្រឹងឱ្យកាន់តែស៊ីជម្រៅនូវសមាហរណកម្មសេដ្ឋកិច្ចនៅក្នុងតំបន់»។

សម្តេចធិបតី បន្ដថា ការជំរុញពាណិជ្ជកម្មទៅវិញទៅមក ជាពិសេស នៅក្នុងក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មផ្សេងៗ ដូចជា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន (AFTA) និង កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (អាសិប-RCEP) ព្រមទាំងការផ្សារភ្ជាប់នៃខ្សែច្រវាក់ផលិតកម្មក្នុងតំបន់។

លើសពីនេះ សម្តេចធិបតី បានបង្ហាញអំពីយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នៃនីតិកាលទី ៧ នៃរដ្ឋសភា ដែលយកចិត្តទុកដាក់លើការអភិវឌ្ឍវិស័យឯកជន, ជាពិសេស តាមរយៈការផ្តល់ការលើកទឹកចិត្ត និងការគាំពារ ក្នុងក្របខ័ណ្ឌនៃច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា, ច្បាប់ស្តីពីភាពជាដៃគូរវាងរដ្ឋ និង ឯកជន, និង កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និង ពហុភាគីជាច្រើន ដែលកម្ពុជាកំពុងមាន។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្តែងជាថ្មីម្តងទៀតនូវជំហររបស់កម្ពុជា ក្នុងការគាំទ្រនិន្នាការពហុភាគីនិយម, សណ្តាប់ធ្នាប់អន្តរជាតិ ដែលផ្អែកលើច្បាប់, និង គោលការណ៍មិនជ្រៀតជ្រែក ដើម្បីបង្កើតបរិយាកាសអំណោយផលដល់ការរីកចម្រើននៃវិស័យឯកជន៕

To Top