ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត ជំរុញអាស៊ាន ជួយពន្លឿនឱ្យទីម័រខាងកើត​ ក្លាយជាសមាជិកពេញសិទ្ធិ

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងនូវការឯកភាពជាច្រើន ក្នុងនោះ​ក៏បាន ជំរុញឱ្យអាស៊ាន ជួយពន្លឿនឱ្យសាធារណរដ្ឋទីម័រខាងកើត​ ក្លាយជាសមាជិកពេញសិទ្ធិអាស៊ាន។

ក្នុងឱកាសទទួលជួបសម្តែងការគួរសម ជាមួយលោក កៅ គឹមហួន អគ្គលេខាធិការអាស៊ាន នារសៀលថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣ នៅរដ្ឋធានីហ្សាការតា សាធារណរដ្ឋឥណ្ឌូនេស៊ី​ សម្តេចធិបតី ហ៊ុន ម៉ាណែត បានជំរុញឱ្យអាស៊ាន ជួយពន្លឿន ការបើកផ្លូវឱ្យសាធារណរដ្ឋទីម័រខាងកើត​ ក្លាយជាសមាជិកពេញសិទ្ធិអាស៊ាន។

សូមរំលឹកថា ក្នុងឱកាសចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣​ នៅវិមានសន្តិភាព លោក ហ្វ្រាន់ស៊ីសស្កូ កាប៊ុលឌី ឡៃ (Francisco Kalbuadi Lay)ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីសម្របសម្រួលកិច្ចការសេដ្ឋកិច្ច និងជារដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងបរិស្ថាន នៃសាធារណរដ្ឋ ប្រជាធិបតេយ្យទីម័រខាងកើត បានអរគុណកម្ពុជា ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ពោលរាប់ចាំតាំងពី អតីតនាយរដ្ឋមន្ត្រីសម្តេចតេជោ ដែលតែងបានជួយ និង ផ្តល់ការគាំទ្រដល់សាធារណរដ្ឋ ប្រជាធិបតេយ្យទីម័រខាងកើត នាពេលកន្លងមក ជាពិសេសការជួយឱ្យប្រទេសទីម័រខាងកើត ក្លាយជាប្រទេសអង្កេតការណ៍​ នៅក្នុងអាស៊ានទី១១ និង ការបញ្ចុះបញ្ចូលសមាជិកអាស៊ានផ្សេងទៀត ឱ្យគាំទ្រប្រទេសទីម័រខាងកើត សម្រាប់ការចូលរួមជាសមាជិកអាស៊ាន៕

To Top