ព័ត៌មានជាតិ

ផលិតផលក្នុងស្រុកសរុប របស់អាស៊ានអាចនឹង កើនដល់២ទ្រីលានដុល្លារនៅឆ្នាំ២០៣០

រូបភាព៖ Samdech Hun Sen of Cambodia

ភ្នំពេញ៖ លោកបណ្ឌិត កៅ គឹមហ៊ួន អគ្គលេខាធិការអាស៊ាន បានលើកឡើងថា អាស៊ាន បានធ្វើការបើកសេដ្ឋកិច្ចឌីជីថលឈានទៅដល់២០២៥ ដែលតាមការវាយតម្លៃ គឺអាចបំពេញបន្ថែមថវិការហូតដល់២ទ្រីលានដុល្លារ នៅឆ្នាំ២០៣០ ហើយផលិតផលក្នុងស្រុកសរុបរបស់អាស៊ាន អាចនឹងកើនដល់២ទ្រីលានដុល្លារ នៅឆ្នាំ២០៣០។

ការលើកឡើងនេះ ធ្វើឡើងនៅក្នុងជំនួបរវាង សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និង លោកបណ្ឌិត កៅ គឹមហ៊ួន អគ្គលេខាធិការអាស៊ាន ក្នុងទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣នេះ ។

លោក កៅ គឹមហួន បានគូសបញ្ជាក់ថា ចក្ខុវិស័យរបស់អាស៊ានសម្រាប់២០៤៥ ត្រូវបានអនុម័ត ដោយក្រុមប្រឹក្សាសហគមន៍សន្ដិសុខនយោបាយអាស៊ាន ដែលជាចក្ខុវិស័យរយៈពេលវែង រហូតដល់២៥ឆ្នាំ ដែលមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្ររបស់អាស៊ាន។

លោក កៅ គឹមហ៊ួន ថាអ្វីដែលជាកិច្ចការអាស៊ាន ដែលលោកមកបំពេញពេលនេះ គឺចាប់អារម្មណ៍ជាងគេ នៅក្នុងសសរស្ដម្ភទាំងបី របស់អាស៊ានគឺអាស៊ានប្រមូលផ្ដុំ លើសហគមន៍សេដ្ឋកិច្ចអាស៊ាន ដែលកំពុងតែលេចធ្លោ នៅក្នុងកិច្ចការរបស់អាស៊ាន ដោយទទួលបាននូវការផ្តល់ថវិកាជាអាទិភាព ជាច្រើនសម្រាប់ឱ្យសហគមន៍សេដ្ឋកិច្ច អាស៊ានដំណើរការប្រកបដោយប្រសិទ្ធភាព។ ចំពោះសហគមន៍សេដ្ឋកិច្ចអាស៊ាន មានឯកសារច្រើនជាងគេ ដែលត្រូវអនុម័តបន្ទាប់មក គឺការអនុម័តលើឯកសារនៃសហគមន៍សង្គម វប្បមធម៌អាស៊ាន ៕

To Top