ព័ត៌មានជាតិ

សម្តេចតេជោ ៖ ហាក់គាប់ជួន ឬទេវតារៀបចំដែលខ្ញុំ​ និងហ៊ុន ម៉ាណែតចូលរួមប្រជុំអាស៊ានលើកដំបូងវ័យក្មេងដូចគ្នា

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីកម្ពុជា បានបង្ហាញអារម្មណ៍ចំពោះវត្តមានការចូលរួមប្រជុំអាស៊ាន​នៅឥណ្ឌូនេស៊ីជាលើកដំបូងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ថា ហាក់គាប់ជួនឬទេវតារៀបចំដែលសម្តេចជាឪពុក និង សម្តេចធិបតី ហ៊ុន ម៉ាណែតជាកូន មានអាយុក្មេងជាងគេ ពេលចូលរួមប្រជុំកំពូលអាស៊ានលើកដំបូងដូចគ្នានៅក្រៅប្រទេស។

សម្តេចតេជោ បានបង្ហាញសំណេរក្នុងបណ្តាញតេឡេក្រាមនាថ្ងៃ៥​ កញ្ញា ដែលជាថ្ងៃទី២នៃការចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅហ្សាការតារបស់សម្តេច ហ៊ុន ម៉ាណែតថា “ហាក់ដូចជាគាប់ជួន ឬទេវតារៀបចំ? កាលខ្ញុំចូលរួមប្រជុំអាស៊ានលើកដំបូងដែលជាការប្រជុំកំពូលអាស៊ានលើកទី៣ នៅហ្វីលីពីនឆ្នាំ១៩៩៩ ខ្ញុំជានាយករដ្ឋមន្ត្រីដែលមានវ័យក្មេងជាងគេ ក្នុងចំណោមប្រទេសអាស៊ាន១០ គឺមានអាយុ៤៧ឆ្នាំ” ។

សម្តេចបន្តថា ពេលនេះក៏ជាការប្រជុំកំពូលលើកទី៤៣ ដែលឥណ្ឌូនេស៊ីធ្វើជាម្ចាស់ផ្ទះ សម្តេច ហ៊ុន ម៉ាណែត គឺជានាយករដ្ឋមន្ត្រី ដែលក្មេងជាងគេក្នុងចំណោមប្រទេសអាស៊ាន១១ រាប់ទាំងទីម័រខាងកើត។ ពេលនេះ សម្តេចហ៊ុន ម៉ាណែត អាយុ៤៥ឆ្នាំ។

សម្តេចក៏បានជូនពរពីកម្ពុជាទៅថ្នាក់ដឹកនាំអាស៊ាន ដែលជាមិត្តចាស់យូរឆ្នាំនិងសូមគោរពលាពីចម្ងាយផងដែរ ៕

To Top