ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត បារម្ភពីការប្រទាញប្រទង់ខាងភូមិសាស្ត្រនយោបាយ ក្នុងកិច្ចប្រជុំអាស៊ាន​លើកទី៤៣

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងពី ការព្រួយបារម្ភការកើនឡើង នៃការប្រទាញប្រទង់ ខាងភូមិសាស្ត្រនយោបាយ ក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ ដែលប្រទេសឥណ្ឌូនេស៊ីជាម្ចាស់ផ្ទះ ។

ថ្លែងក្នុងកិច្ចប្រជុំពេញអង្គអាស៊ាន លើកទី៤៣ នៅរដ្ឋធានីហ្សាការតា សាធារណរដ្ឋឥណ្ឌូនេស៊ី នាថ្ងៃ ទី៥ កញ្ញា ២០២៣នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់ប្រទេសឥណ្ឌូនេស៊ី សម្រាប់ការធ្វើបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅ ចំពោះគណៈប្រតិភូកម្ពុជា និងបានអបអរសាទរឥណ្ឌូនេស៊ី ក្នុងការរៀបចំបានយ៉ាងល្អ នូវកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៣ និងកិច្ចប្រជុំពូលពាក់ព័ន្ធ ។

ក្នុងនោះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានលើកឡើងពីការព្រួយបារម្ភនៃការកើនឡើង នៃការប្រទាញប្រទង់ខាងភូមិសាស្ត្រនយោបាយ ដែលធ្វើឲ្យប្រទេសមួយចំនួន មានការលំបាកក្នុងការស្វែងរកចំណុច អព្យាក្រឹត្យដែលអាចគាំទ្រ បានយ៉ាងពិតប្រាកដ ប្រកបដោយបរិយាប័ន្ន កិច្ចសហប្រតិបត្តិការ និងការរួមរស់ដោយសន្តិភាព ។

ក្នុងនោះផងដែរ សម្តេច ហ៊ុន ម៉ាណែត បញ្ជាក់ថា “ក្នុងន័យនេះ ការឆ្លើយតបរបស់អាស៊ាន ពិតជាមិនមានភាពគ្រប់គ្រាន់ បើអាស៊ានគ្រាន់តែឆ្លើយតបប្រកបដោយប្រសិទ្ធភាព ចំពោះវិបត្តិដែលកំពុងកើតឡើងនោះ អាស៊ានត្រូវតែមានសមត្ថភាព ក្នុងការប្រមើលមើលទប់ស្កាត់វិបត្តិ ហើយឈានទៅកាត់បន្ថយផលប៉ះពាល់ តាមរយៈការប្រើប្រាស់តួនាទី ពិសេសនៃកិច្ចប្រជុំកំពូលអាស៊ាននិងក្នុងនាមជាស្ថាប័នរៀបចំគោលនយោបាយកំពូលស្របតាមគោលការណ៍ស្នួលនៃការពិគ្រោះយោបល់ និងគោលការណ៍កុងសង់ស៊ីស អាស៊ាន អាចចាត់វិធានការម៉ឺងម៉ាត់និងទាន់ពេលវេលា លើបញ្ហាដែលមានភាពបន្ទាន់និងមានសារៈសំខាន់ ៕

To Top