ព័ត៌មានជាតិ

លោក ឆាយ ប្ញទ្ធិសែន ផ្ដល់អនុសាសន៍៦ចំណុច ដល់មន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តកំពតដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារ

រូបភាព៖ ក្រសួងអភិវឌ្ឍន៍ជនបទ

ភ្នំពេញ៖ នៅក្នុងជំនួបសំណេះសំណាល និងសួរសុខទុក្ខថ្នាក់ដឹកនាំ មន្រ្ដីរាជការ នៃមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តកំពត នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣ លោក ឆាយ ប្ញទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានផ្ដល់អនុសាសន៍ណែនាំ ៦ចំនុច យកទៅអនុវត្ដន៍ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារ។

អនុសាសន៍ទាំង៦ចំណុច រួមមាន៖

១. បន្តខិតខំចូលរួមអនុវត្តការងារអភិឌ្ឍន៍ជនបទ ដើម្បីលើកកម្ពស់គុណតម្លៃជីវិតប្រជាជនជនបទប្រកបដោយបរិយាបន្ន ទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌ ស្របតាមចក្ខុវិស័យ និងយុទ្ធសាស្រ្ដបញ្ចកោណរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ។
២. សហការជាមួយបណ្តាមន្ទីរ, ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ដោយបំពេញតួនាទីជាសេនាធិការបច្ចេកទេសដល់អភិបាលខេត្ត និងក្រុមប្រឹក្សាខេត្ត លើវិស័យអភិវឌ្ឍន៍ជនបទ។
៣. គោរពវិន័យ របៀបរបបធ្វើការ របបប្រជុំតាមដាន និងត្រួតពិនិត្យប្រជុំ ប្រចាំខែ ត្រីមាស ឆមាស ឱ្យបានទៀងទាត់ដើម្បីរួមគ្នាដោះស្រាយសំណូមពររបស់ប្រជាពលរដ្ឋ ។
៤. ត្រៀមរបាយការណ៍បូកសរុបប្រចាំឆ្នាំ និងទិសដៅការងារឆ្នាំបន្ត ដែលក្រសួងអភិវឌ្ឍន៍ជនបទនឹងគ្រោងរៀបចំនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣។
៥. ពង្រឹងសាមគ្គីភាពផ្ទៃក្នុងឱ្យរឹងមាំ ដើម្បីបំពេញការងារឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ និងសម្រេចបានលទ្ធផលល្អបន្ថែមទៀតក្នុងនីតិកាលថ្មីទី៧ នៃរាជរដ្ឋាភិបាល និងដើម្បីចូលរួមចំណែកជំរុញចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ ជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ និង ឆ្នាំ២០៥០ ជាប្រទេសមានប្រាក់ចំណូលខ្ពស់។
៦. ត្រូវបង្កើតឱ្យមានអ្នកនាំពាក្យរបស់មន្ទីរ ដើម្បីផ្ដល់ព័ត៌មាន និងសម្របសម្រួលជាមួយអ្នកនាំពាក្យរបស់សាលាខេត្ត និងអ្នកនាំពាក្យរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងគោលដៅចូលរួមផ្សព្វផ្សាយសមិទ្ធផលរបស់រាជរដ្ឋាភិបាលឱ្យបានទូលំទូលាយ ។
ពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្រ្ដីរាជការ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត បានបញ្ចប់ទៅក្រោមបរិយាកាសសប្បាយរីករាយ និងមានភាពស្និទ្ធស្នាលបំផុត៕

To Top