ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ចិន លើកទី២៦ នាព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣នេះ បានសង្កត់ធ្ងន់ ឲ្យអាស៊ាន ត្រូវជំរុញការអនុវត្តប្រកបដោយប្រសិទ្ធភាព នៃសេចក្ដីថ្លែងការណ៍អាស៊ាន-ចិន ស្ដីពីកិច្ចសហប្រតិបត្តិការទេសចរណ៍ ។

តបតាមការអញ្ជើញរបស់លោក ចូកូ វីដូដូ ក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ចិន ដែលបានអញ្ជើញថ្នាក់ដឹកនាំ នៃបណ្តាប្រទេសអាស៊ាន តាមលំដាប់អក្សរ ថ្លែងសុន្ទរកថា ក្នុងនោះសម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើង នូវចំណុចសំខាន់មួយចំនួន ដោយបញ្ជាក់ថា កម្ពុជាទទួលស្គាល់ផលប្រយោជន៍រួម នៃទំនាក់ទំនងល្អ ក្នុងអំឡុងពេលជិត ៣ទស្សវត្សរ៍ រវាងចិន និងអាស៊ាន។ ចំពោះកម្ពុជា, គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ (BRI) បានផ្ដល់ប្រយោជន៍ជាច្រើនដល់កម្ពុជា ជាពិសេសក្នុងវិស័យដឹកជញ្ជូន និងឡូជីស្ទីក ដូចមានផ្លូវលឿន ភ្នំពេញ-ព្រះសីហនុ ដែលជាសមិទ្ធផល នៃគំនិតផ្តួចផ្តើមនេះ ជាឧទាហរណ៍ស្រាប់។


ក្នុងនោះដែរ សម្ដេចធិបតី បានកត់សម្គាល់អំពីសារៈសំខាន់ នៃវិស័យទេសចរណ៍ដែលជាក្បាលម៉ាស៊ីនដ៏សំខាន់ នៃកំណើនសេដ្ឋកិច្ច នៅមានកម្រិតទាបនៅឡើយ បើធៀបនឹងកម្រិតមុនពេលមានវិបត្តិកូវីដ-១៩។ ក្នុងន័យនេះ សម្ដេចធិបតី បានសង្កត់ធ្ងន់ ពីភាពចាំបាច់ដែលអាស៊ាន ត្រូវជំរុញការអនុវត្តប្រកបដោយប្រសិទ្ធភាព នៃសេចក្ដីថ្លែងការណ៍អាស៊ាន- ចិន ស្ដីពីកិច្ចសហប្រតិបត្តិការទេសចរណ៍ ។


គួរឲ្យដឹងថា ចំពោះលទ្ធផលជារួម នៃកិច្ចប្រជុំកំពូលអាស៊ាន-ចិន លើកទី២៦ បណ្តាថ្នាក់ដឹកនាំអាស៊ាន ប្រាថ្នាចង់ឃើញទំនាក់ទំនង រវាងកំពូលមហាអំណាចចិន និងសហរដ្ឋអាមេរិក ប្រព្រឹត្តទៅប្រកបដោយសុខដុមរមនា ដើម្បីបន្តផ្តល់ប្រយោជន៍សេដ្ឋកិច្ច និងពាណិជ្ជកម្ម ដល់តំបន់ទាំងមូល៕

