ព័ត៌មានជាតិ

លោក នេត្រ ភក្ដ្រា ប្រាប់ទូតជប៉ុន​ ថា នឹងប្រែក្លាយក្រសួងព័ត៌មាន ឲ្យទៅជាស្ថាប័ន ទំនាក់ទំនងសាធារណៈរបស់រដ្ឋាភិបាលកម្ពុជា

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងព័ត៌មានលោក នេត្រ ភក្ដ្រា ដែលទើបតែចូលកាន់តំណែងថ្មីថ្មោងមកនេះ បានប្តេជ្ញាក៏ដូចជាប្រាប់ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជាថា ថ្នាក់ដឹនាំនិងមន្ត្រីរាជការនៃក្រសួងនឹងខិតខំប្រឹងប្រែងរួមគ្នា ដើម្បីធ្វើយ៉ាងណាឲ្យក្រសួង ក្លាយទៅជាស្ថាប័នទំនាក់ទំនងសាធារណៈ របស់រាជរដ្ឋាភិបាលកម្ពុជា ។

ការលើកឡើងរបស់លោករដ្ឋមន្ត្រីបែបនេះ ធ្វើឡើងក្នុងឱកាសអនុញ្ញាតឲ្យលោក UENO Atsushi ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម នាព្រឹកថ្ងៃ៦ កញ្ញា ។

ក្នុងជំនួបនេះ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបញ្ជាក់ថា ឯកអគ្គរាជទូតជប៉ុនគឺជាមន្ត្រីការទូតទី១ដែលបានជួបពិភាក្សា ក្រោយពេលឡើងកាន់តំណែងជារដ្ឋមន្ត្រី។

លោក នេត្រ ភក្រ្តា បានគូសបញ្ជាក់ថា ក្រសួងព័ត៌មាននឹងធ្វើទំនើបកម្មស្ថាប័នរបស់ខ្លួន ដោយរៀបចំទីកន្លែងសម្រាប់បំពេញការងារ និងការអភិវឌ្ឍធនធានមនុស្ស ដើម្បីឆ្លើយតបនឹងការវិវឌ្ឍនៃបច្ចេកវិទ្យា និងបរិបទសង្គមបច្ចុប្បន្ន។

លោករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា បច្ចុប្បន្ន ថ្នាក់ដឹនាំនិងមន្ត្រីរាជការ នៃក្រសួងព័ត៌មានបានខិតខំប្រឹងប្រែងរួមគ្នា ដើម្បីធ្វើឲ្យក្រសួងព័ត៌មាន ក្លាយជាស្ថាប័នទំនាក់ទំនងសាធារណៈ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្ដល់ព័ត៌មានពិត ទៅដល់ប្រជាពលរដ្ឋកម្ពុជា និងមជ្ឈដ្ឋានជាតិ និងអន្ដរជាតិ។

ទាក់ទងនឹងការប្រឆាំងព័ត៌មានក្លែងក្លាយ លោករដ្ឋមន្ត្រីក្រសួងព័ត៌មានក៏បានលើកឡើងថា គឺជាបញ្ហារួមដែលបណ្តាប្រទេសទាំងអស់ ត្រូវរួមគ្នាក្នុងការទប់ស្កាត់ ព្រោះព័ត៌មានក្លែងក្លាយជាគ្រោះថ្នាក់សម្រាប់សង្គម។ ក្រសួងព័ត៌មាន នឹងបន្តកិច្ចខិតខំប្រឹងប្រែង ដើម្បីផ្សព្វផ្សាយពីផលប៉ះពាល់ នៃព័ត៌មានក្លែងក្លាយ និងវិធានការទប់ស្កាត់។ ជាងនេះទៅទៀត លោករដ្ឋមន្ត្រីបាន លើកឡើងថា ក្រសួងនឹងរៀបចំឲ្យមានស្តង់ដារប្រតិបត្តិជាតិរួមមួយ នៃក្រមសីលធម៌វិជ្ជាជីវៈ សម្រាប់អ្នកសារព័ត៌មានអនុវត្ត៕

To Top