ព័ត៌មានជាតិ

កម្ពុជា-ព្រុយណេ ឯកភាពបង្កើន កិច្ចសហប្រតិបត្តិការ លើការទប់ស្កាត់ ឧក្រិដ្ឋកម្មឆ្លងដែន

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និងព្រះចៅស៊ុលតង់ ហាជី ហាសសាណាល់ បុលគីយ៉ាស់ មុយអ៊ីហ្សាឌីន វ៉ាឌូឡាហ៍ ព្រះមហាក្សត្រនៃព្រុយណេដារូស្សាឡាម បានឯកភាពក្នុងការបង្កើនកិច្ចសហប្រតិបត្តិការលើការទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន ការផ្សារភ្ជាប់វិស័យឯកជន តាមរយៈសភាពាណិជ្ជកម្ម និងការគាំទ្រអនុវត្តយន្តការ សន្ទនាទ្វេភាគី រវាងរដ្ឋមន្រ្តីការបរទេស នៃប្រទេសទាំងពីរ ។
នេះបើយោងតាមលទ្ធផល នៃជំនួបរវាងព្រះចៅស៊ុលតង់ ជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នៅថ្ងៃ៦ កញ្ញា នារដ្ឋធានីហ្សាការតា ។

ជាមួយគ្នានោះដែរ សម្តេច ហ៊ុន ម៉ាណែតក៏បានស្វាគមន៍ចំពោះជំនួបនេះ និង បានពាំនាំការសួរសុខទុក្ខយ៉ាងកក់ក្តៅពីសំណាក់ សម្តេចតេជោ ប្រធានឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ថ្វាយជូនចំពោះ ព្រះចៅស៊ុលតង់ផងដែរ ។

សម្តេចធិបតី បានលើកឡើង អំពីទំនាក់ទំនងដ៏ល្អ រវាងកម្ពុជានិងព្រុយណេ ជាពិសេសក្នុងទិដ្ឋភាព នៃវិស័យការពារជាតិដែលសម្តេចធិបតី បានធ្វើទស្សនកិច្ចមកកាន់ព្រុយណេ កាលពីសម្តេចធិបតី នៅជាមេបញ្ជាការកងទ័ពជើងគោក ។

ជាកិច្ចឆ្លើយតប ព្រះចៅស៊ុលតង់ សម្តែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្តេចធិបតី និងបានរំលឹកអំពីមិត្តភាពដ៏ជិតស្និទ្ធរវាង ព្រះចៅស៊ុលតង់ និងសម្តេចតេជោ ។
ក្នុងជំនួបនេះ សម្តេចធិបតីនិងព្រះចៅស៊ុលតង់ បានពិភាក្សាទៅលើទិសដៅ អនាគតនៃការបង្កើនកិច្ចសហប្រតិបត្តិការរ វាងកម្ពុជានិងព្រុយណេ ដែលផ្តោតជាពិសេសទៅលើវិស័យ ការពារជាតិ, សន្តិសុខ, អប់រំ និងបណ្តុះបណ្តាលធនធានមនុស្ស, កសិកម្ម ក៏ដូចជាការផ្សារ ភ្ជាប់ទំនាក់ទំនង រវាងប្រជាជន និង ប្រជាជន នៃប្រទេសទាំងពីរ ។

ទន្ទឹមនេះដែរ ព្រះចៅស៊ុលតង់ ក៏បានអញ្ជើញ សម្តេចធិបតី បំពេញទស្សនកិច្ចផ្លូវការនៅព្រុយណេនាពេលខាងមុខផងដែរ ។ សម្តេចធិបតី បានឆ្លើយតបដោយវិជ្ជមានចំពោះការអញ្ជើញនេះ និងបានអញ្ជើញ ព្រះចៅស៊ុលតង់ មកបំពេញទស្សនកិច្ចផ្លូវការ នៅកម្ពុជាវិញផងដែរ នាថ្ងៃអនាគត ៕

To Top