ព្រះសីហនុ៖ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលខេត្តព្រះសីហនុ លោក ស រដ្ឋា នាថ្ងៃ០៦ ខែកញ្ញា ឆ្នាំ២០២៣ បានដាក់បទបញ្ជាឲ្យកម្លាំងនគរបាលជំនាញចរាចរណ៍ផ្លូវគោក ដែលចុះរឹតបន្តឹងត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ប៉ុន្តែមិនអនុញ្ញាតិ អោយនគរបាលពួនស្ទាក់ ឃាត់ពលរដ្ឋ នោះឡើយ។
ដោយមើលឃើញក្នុងពេលកន្លងមក និងថ្មីៗនេះ គ្រោះថ្នាក់ចរាចរណ៍មានការកេីតឡេីងជាញឹកញាប់ រួមមានអ្នកស្លាប់ និងអ្នករងរបួសធ្ងន់ ជាច្រេីន ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ ពិសេសកេីតឡេីងចំពោះការបេីកបរយានយន្តស្ទើរគ្រប់ប្រភេទដោយសារការបេីកបរម៉ូតូមិនពាក់មួកសុវត្ថិភាព ការបេីកបរដោយល្មេីសល្បឿនកំណត់ ការបេីកបរដោយបញ្រ្ចាស់ទិសចរាចរណ៍ និងការបេីកបរដោយធ្វេសប្រហែស និងមិនប្រុងប្រយ័ត្ននោះ លោកឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលខេត្តព្រះសីហនុ បានដាក់បទបញ្ជាឲ្យកម្លាំងនគរបាលជំនាញចរាចរណ៍ផ្លូវគោក ដែលចុះរឹតបន្តឹងត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកតាមអនុក្រឹត្យលេខ៣៩ ទូទាំងខេត្ត រួមមាន៖
១-មិនត្រូវពួនស្ទាក់
២-ប្រេីប្រាស់វិធានការណ៍ ពន្យល់ ណែនាំ ផ្សព្វផ្សាយអប់រំ អោយប្រជាពលរដ្ឋចូលរួមគោរពច្បាប់ចរាចរណ៍
៣-វិធានការផាកពិន័យ តាមបទបញ្ញត្តិច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក តាមអនុក្រឹត្យលេខ៣៩ ។
លោកឧត្តមសេនីយ៍ឯក ក៏បានសូមសំណូមពរចំពោះប្រជាពលរដ្ឋ សិស្សានុសិស្ស អាណាព្យាបាល មន្ទីរអង្គភាពពាក់ព័ន្ធទូទាំងខេត្តព្រះសីហនុ សូមចូលរួមសហការ និងចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ៕