ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោក លី ឈាង នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិន បានបញ្ជាក់ពីគោលបំណងចង់បង្កើត និងបង្កើនឧត្តមប្រយោជន៍បន្ថែមទៀត សម្រាប់ប្រជាជាតិទាំងពីរ តាមរយៈយន្តការ នៃការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ។
ក្នុងឱកាសជួបសម្ដែងការគួរសម រវាងសម្តេចធិបតី ហ៊ុន ម៉ាណែត ជាមួយ លោក លី ឈាង (Li Qiang) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិន នាថ្ងៃទី៦ខែ កញ្ញា នេះ នៅប្រទេសឥណ្ឌូនេស៊ី ថា្នក់ដឹកនាំទាំងពី បានអបអរសាទរ ជូនគ្នាទៅវិញទៅមក ដោយនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានភ្ជាប់ជាមួយនឹងការផ្តាំផ្ញើការសួរសុខទុក្ខ និងនឹករលឹកពីសំណាក់សម្ដេចតេជោ ជូនចំពោះ ប្រធានាធិបតី ស៊ី ជីនពីង និង ប្រជាជនចិន ដែលជាមិត្តល្អរបស់ប្រជាជន និងប្រទេសកម្ពុជា ។
ក្នុងនោះមេដឹកនាំទាំងពីរ បានគូសបញ្ជាក់ពីគោលបំណងចង់បង្កើត និងបង្កើនឧត្តមប្រយោជន៍បន្ថែមទៀត សម្រាប់ប្រជាជាតិទាំងពីរ តាមរយៈយន្តការនៃការពង្រឹង និង ពង្រីកកិច្ចសហប្រតិបត្តិការ រវាងគ្នា ដោយឈរលើចំណងមិត្តភាពដ៏រឹងមាំ និងស្អិតរមួត ។
ជាមួយគ្នានេះ ថ្នាក់ដឹកនាំទាំងពីររំពឹងថា នឹងបន្តកិច្ចពិភាក្សាជាមួយគ្នាបន្ថែមទៀត នៅក្នុងដំណើរទស្សនកិច្ចរបស់ សម្ដេចធិបតី ទៅកាន់ប្រទេសចិន នាពេលខាងមុខដ៏ខ្លីនេះ៕