ភ្នំពេញ៖ ប្រជាពលរដ្ឋចំនួន៤៥គ្រួសារ ដែលរស់នៅក្នុងភូមិអន្លង់ស្លែង ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្ដាល បានស្នើសុំជួយអន្តរាគមន៍ចេញបណ្ណកម្មសិទ្ធ លើទីតាំងដីចំនួន៦៥ហិចតា ស្ថិតនៅចំណុចជ្រោយចង្កែង និងភ្លោះភូមិអន្លង់ស្លែង ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាល។
យោងតាមលិខិត របស់រដ្ឋបាលស្រុកមុខកំពូល ដាក់ជូនលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល ចុះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣ បានស្នើសុំអនុញ្ញាតចេញ វិញ្ញាប័ណ្ណបត្រ សម្គាល់អចលនវត្ថុ ជូនប្រជាជនពលរដ្ឋចំនួន៤៥គ្រួសារ ដែលមាន២៨ក្បាលដី និងមានទំហំប្រមាណ ៦៥ហិចតា តនៅចំណុចជ្រោយចង្កែង និងភ្លោះភូមិអន្លង់ស្លែង ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាល។
ការដាក់ស្នើនេះ ដោយយោងតាមស្មារតីនៃកិច្ចប្រជុំគណៈអចិន្រ្តៃយ៍ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ស្រុកមុខកំពូល នាថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៣ ក្រោមអធិបតីភាព លោក វង្ស៊ី វិស្សុត ប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកមុខកំពូល។
បើតាមលិខិតដដែល បានបញ្ជាក់ថា «ចំនួនក្បាលដីទាំង២៨ បានទៅចុះបញ្ជីរបស់ខ្លួន ជាមួយក្រុមការងារចុះបញ្ជីជាលក្ខណៈប្រព័ន្ធ និងបានបំពេញឯកសាររួចរាល់ទៅតាម និតិវិធី»។
លិខិតដដែលបន្ថែមថា ប៉ុន្តែនៅដំណាក់កាលបិទផ្សាយ ចំនួនក្បាលដីខាងលើត្រូវបានដកចេញ ដោយមន្ទីរបញ្ជាក់ថា ក្បាលដីទាំងនោះជាប់ក្នុងផែនទី UTM ដែលជាផ្ទៃបឹង។
ប៉ុន្តែប្រជាពលរដ្ឋទាំង៤៥គ្រួសារ បានអះអាងថា ទីតាំងខាងលើត្រូវបានប្រជាពលរដ្ឋប្រើប្រាស់ និងអាស្រ័យផលជាក់ស្ដែង ដោយធ្វើជាដីស្រែប្រាំង ដាំឈូក តៗគ្នាពីឱពុកម្ដាយ មកកូនចៅ និងម្យ៉ាង ទីតាំងនោះគ្មានចរន្តទឹកចេញចូល ពុំមានតម្រូវការទឹកប្រើប្រាស់រួមសហគមន៍នោះទេ៕