ស្វាយវៀង ៖ លោកបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំអាជ្ញាធរយកចិត្តទុកដាក់តាមដាន ទទួលដោះស្រាយសំណើ សំណូមពរ បណ្តឹង និងការទាមទារតវ៉ានានារបស់ប្រជាពលរដ្ឋ។
នាឱកាសអញ្ជើញប្រកាសចូលកាន់តំណែងជាអភិបាលខេត្តស្វាយរៀងថ្មី នាថ្ងៃ៧ កញ្ញា លោកបណ្ឌិត ស សុខា គូសបញ្ជាក់ថា «រដ្ឋបាលខេត្ត គប្បីយកចិត្តទុកដាក់បន្តអនុវត្ត ជាអាទិ៍ ការបន្តថែរក្សា និងពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ, ការគ្រប់គ្រង និងការអភិវឌ្ឍនៅតាមតំបន់ព្រំដែន, ការផ្តល់សេវាសាធារណៈ ដោយយកចិត្តទុកដាក់តាមដាន ទទួល ដោះស្រាយសំណើ សំណូមពរ បណ្តឹង និងការទាមទារតវ៉ានានារបស់ប្រជាពលរដ្ឋ”។
លោកថា ស្របគ្នានេះ ក៏ត្រូវបន្តពង្រឹងការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ពិសេសការងារផ្ទេរមុខងារពីថ្នាក់ជាតិ ដែលត្រូវក្ដាប់ឲ្យជាប់។
ដើម្បីប្រសិទ្ធភាពការងារ លោកឧបនាយករដ្ឋមន្ត្រី ស សុខា ក៏ជំរុញលើកទឹកចិត្តដល់គណៈអភិបាលខេត្ត និងថ្នាក់ដឹកនាំគ្រប់ថ្នាក់ នៃរដ្ឋបាលខេត្ត បន្តពង្រឹងរបៀបរបបធ្វើការងារ ទំនាក់ទំនងការងារ សាមគ្គីភាពឯកភាពផ្ទៃក្នុង និងត្រូវព្យាយាមបង្កើតកម្មវិធីបណ្តុះបណ្តាលកសាងសមត្ថភាពដល់មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ដោយភ្ជាប់នឹងជំនាញព័ត៌មានវិទ្យា និងឌីជីថល ដើម្បីប្រសិទ្ធភាពការងារ។
នាឱកាសនោះក៏បានលើកឡើងពីចំណុចគន្លឹះនៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ក្រោមមគ្គទេសក៍របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី ក្នុងយុទ្ធសាស្ត្របញ្ចកោណនេះបានកំណត់បាវចនា៥ រួមមាន៖ កំណើន ការងារ សមធម៌ ប្រសិទ្ធភាព ចីរភាព ទន្ទឹមនឹងគោលដៅយុទ្ធសាស្រ្ត៥គឺការធានាឲ្យបានកំណើនសេដ្ឋកិច្ច, ការបង្កើតការងារឲ្យបានកាន់តែច្រើន, ការសម្រេចឲ្យបាននូវគោលដៅកាត់បន្ថយភាពក្រីក្រ, ការបន្តពង្រឹងសមត្ថភាពអភិបាលកិច្ចនិងលើកកម្ពស់គុណភាពស្ថាប័ន និងចុងក្រោយគឺការធានាឲ្យបាននូវចីរភាពនៃការអភិវឌ្ឍសង្គមសេដ្ឋកិច្ច៕