ព័ត៌មានជាតិ

វ៉ាក់សាំង​ជំងឺឆ្កែឆ្កួត ក្លែងក្លាយ៣៥១ប្រអប់ រកឃើញដាក់លក់ក្នុងឱសថស្ថានមួយកន្លែង កណ្ដាលក្រុងភ្នំពេញ

ភ្នំពេញ ៖ វ៉ាក់សាំងជំងឺឆ្កែឆ្កួតក្លែងក្លាយ ចំនួន៣៥១ប្រអប់ ត្រូវបានសមត្ថកិច្ចជំនាញ នៃនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ រកឃើញនៅក្នុងឱសថស្ថានមួយនៅក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ និងបានចុះបង្ក្រាបនិងរឹបអូសផងដែរ ។ ប្រតិបត្តិការនេះ ត្រូវបានធ្វើឡើងនាពេលថ្មីៗនេះ ក្រោយពីមានបណ្ដឹងរបស់ក្រុមហ៊ុន ឌីភីហ្វាម៉ាខូអិលធីឌី ដែលជាអ្នកនាំចូលវ៉ាក់សាំងនេះមកកម្ពុជា ។

ឱសថស្ថានដែលដាក់លក់វ៉ាក់សាំងជំងឺឆ្កែឆ្កួតក្លែងក្លាយនេះ មានឈ្មោះថា «ឱសថស្ថានពន្លឺបឹងត្របែក» រកឃើញវ៉ាក់សាំងជំងឺឆ្កែឆ្កួតក្លែងក្លាយរហូតដល់ទៅ ៣៥១ប្រអប់ ។ ក្រោយរកឃើញវ៉ាក់សាំងជំងឺឆ្កែឆ្កួតក្លែងក្លាយដ៏ច្រើននេះ សមត្ថកិច្ចក៏បាននាំខ្លួនម្ចាស់ឱសថស្ថាននេះទៅសួរនាំ នៅនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចដើម្បីបន្តនីតិវិធី ។

វ៉ាក់សាំងជំងឺឆ្កែឆ្កួតក្លែងក្លាយនេះ គឺប្រភេទ Abhayrab សម្រាប់ចាក់លើមនុស្ស ក្រោយពេលមានសត្វខាំឬខ្វាច ហើយវ៉ាក់សាំងនេះ ត្រូវទុកដាក់នៅក្រោមសីតុណ្ហភាពត្រជាក់ចន្លោះពី 2អង្សារទៅ8អង្សារសេ ប៉ុន្តែសម្រាប់ឱសថស្ថាននេះវិញបែរជាដាក់តាំងលក់មិនត្រឹមត្រូវ មិនស្របតាមស្តង់ដាររបស់ក្រុមហ៊ុន ដូច្នេះគ្រោះថ្នាក់សម្រាប់អ្នកដែលចាក់វ៉ាក់សាំងនេះ គឺគ្រោះថ្នាក់រហូតដល់បាត់បង់ជីវិតតែម្ដង ។

បើតាមតំណាងក្រុមហ៊ុន ឌីភីហ្វាម៉ា ដែលជាក្រុមហ៊ុន នាំចូលវ៉ាក់សាំងប្រភេទនេះ បានឲ្យដឹងថា «វ៉ាក់សាំងជំងឺឆ្កែឆ្កួតគឺសម្រាប់ចាក់ការពារជំងឺឆ្កែឆ្កួត ពោលគឺចាក់នៅក្រោយពេលមានសត្វឆ្កែ ឆ្មា ឬស្វា ខាំក៏ខ្វាច ។ ជំងឺឆ្កែឆ្កួតនេះមិនទាន់មានប្រទេសណា រកឃើញថ្នាំព្យាបាលនៅឡើយទេ ហើយបើសិនជាយកវ៉ាក់សាំងក្លែងក្លែងអត់មានប្រសិទ្ធភាពមកចាក់ គឺវានឹងបង្កគ្រោះថ្នាក់ដល់អាយុជីវិត ។ ឧបមាថាឆ្កែខាំរួច ហើយពលរដ្ឋទៅទិញវ៉ាក់សាំងក្លែងក្លាយនេះយកមកចាក់ ចុះបើសិនជាឆ្កែនោះឆ្កួត ឬផ្ទុកជំងឺ ឆ្កែឆ្កួត វាមិនឆ្លងមកមនុស្សដដែល ហើយបើវាកើតហើយ មិនមានគ្រូពេទ្យទេវតាណាអាចជួយបានទេ»។

តំណាងក្រុមហ៊ុនក៏បានប្រាប់ពីវិធីសម្គាល់ វ៉ាក់សាំងពិតនិងវ៉ាក់សាំងក្លែងក្លាយ ដោយវ៉ាក់សាំងពិតមានប្រអប់វែង មានលេខបញ្ជិត្រឹមត្រូវនៅលើប្រអប់ ហើយនៅក្នុងប្រអប់មានទឹកថ្នាំវ៉ាក់សាំង មានសំលី មានសឺរ៉ាំង និងម្ជុលស្រាប់ ពោលគឺ ពលរដ្ឋអាចទិញហើយយកទៅចាក់ដោយខ្លួនឯងក៏បាន ។

សូមបញ្ជាក់ថា សម្រាប់វ៉ាក់សាំងក្លែងក្លាយដែលរឹបអូសបានពីឱសថស្ថាននេះ មានប្រអប់រាងតូចរាងការ៉េ៤ជ្រុង មិនមានលេខបញ្ជិការ ហើយក្នុងប្រអប់វិញមានតែទឹកថ្នាំប៉ុណ្ណោះ មិនមានសំលី មិនមានសឺរ៉ាំងនិងម្ជុលនោះទេ ដូច្នេះពេលទិញហើយត្រូវយកឱ្យគ្រូពេទ្យចាក់ដដែល ។ដូច្នេះការលក់វ៉ាក់សាំងឆ្កែឆ្កួតពីម្ចាស់ទីតាំងនេះ គឺគ្រោះថ្នាក់ណាស់សម្រាប់អាយុជីវិតរបស់ពលរដ្ឋដែលមកទិញវ៉ាក់សាំងជំងឺឆ្កែឆ្កួតពីឱសថស្ថានមួយនេះ ៕

To Top