ភ្នំពេញ ៖ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានជឿជាក់ថា កិច្ចសហប្រតិបត្តិការដ៏ល្អប្រពៃ រវាងប្រទេសទាំងពីរ កម្ពុជា-ចិន នឹងបន្តសម្រេច និងសម្រួចលើវិស័យអាទិភាពដ៏ទៃទៀត ដើម្បីរក្សាបាននូវកំណើនសេដ្ឋកិច្ច។ នេះបើយោងតាមសេចក្ដីប្រកាស ព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច។
នាឱកាសអនុញ្ញាតលោកស្រី Zhong Jie ទីប្រឹក្សាសេដ្ឋកិច្ច និងពាណិជ្ជកម្មអមស្ថានទូតចិនប្រចាំកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារដើម្បីស្វែងយល់អំពីចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការទេ្វភាគី កម្ពុជា-ចិន នាពេលថ្មីៗនេះ លោក ឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន បានថ្លែងអំណរគុណ ចំពោះរដ្ឋាភិបាលចិន ដែលបានជួយទាន់ពេលវេលា ដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងការីករាលដាលនៃជំងឺកូវីដ ១៩ នាពេលកន្លងមក និងបានរួមដំណើរក្នុងការស្តារ និងជំរុញកិច្ចសហប្រតិបត្តិការ ទ្វេភាគីរវាងប្រទេសទាំងពីរ កម្ពុជា-ចិនលើគ្រប់វិស័យ ជាអាទិ៍ សេដ្ឋកិច្ច, ពាណិជ្ជកម្ម, វិនិយោគ និងកិច្ចសហ-ប្រតិបត្តិការហិរញ្ញប្បទាន បន្ទាប់ពីជំងឺកូវីដ ១៩ បានស្រាកស្រាន្ត ។
លោក ឧបនាយករដ្ឋមន្រ្តី បានបង្ហាញពីសុទិដ្ឋិនិយមគតិ នៃកិច្ចសហប្រតិបត្តិការ កម្ពុជា-ចិន ដែលសម្រេចបានសមិទ្ធិផលជាផ្លែផ្កា ដែលកើតឡើង ដោយសារចំណងមិត្តភាពដែកថែប រវាងរដ្ឋាភិបាល កម្ពុជា-ចិន ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃកម្ពុជា និងឯកឧត្តម ស៊ី ជិនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន ។ ទន្ទឹមនេះ, រាជរដ្ឋាភិបាលកម្ពុជា, សម្រាប់នីតិកាលទី ៧ នៃរដ្ឋសភា បានចេញដំណើរយ៉ាងស្វាហាប់ ក្រោមការដឹកនាំប្រកប ដោយចក្ខុវិស័យច្បាស់លាស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការបន្តរក្សានូវកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យរវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ កម្ពុជា-ចិន ។
ឧបនាយករដ្ឋមន្រ្តី បានជឿជាក់ យ៉ាងមុតមាំថា «កិច្ចសហប្រតិបត្តិការដ៏ល្អប្រពៃរវាងប្រទេសទាំងពីរ កម្ពុជា-ចិន នឹងបន្តសម្រេច និងសម្រួចលើវិស័យ អាទិភាពដ៏ទៃទៀត ដើម្បីរក្សាបាននូវកំណើនសេដ្ឋកិច្ច និងសង្គមប្រកបដោយសេ្ថរភាព និងនិរន្តរភាព»។
លោកស្រី Zhong Jie បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលធានាបាននូវស្ថិរភាពនយោបាយ និងសង្គម-សេដ្ឋកិច្ច និងការអភិវឌ្ឍប្រទេសលើគ្រប់វិស័យ។ លោកស្រីក៏ បានចូលរួមអបអរសាទរជាមួយប្រជាជនកម្ពុជា ដែលទើបទទួលបាននូវរាជរដ្ឋាភិបាលថ្មី កើតចេញពីការបោះឆ្នោត ដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ និងបានបង្ហាញអំពីការប្តេជ្ញាក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យជាមួយ រាជរដ្ឋាភិបាលកម្ពុជា ដើម្បីទទួលបានលទ្ធផលកាន់តែជាទីពេញចិត្តបន្ថែមទៀត ជាពិសេស លើវិស័យ កសិឧស្សាហកម្ម និងវិនិយោគ ៕