ភ្នំពេញ ៖ គណបក្សប្រជាជនកម្ពុជា អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម និងអគ្គលេខាធិការបក្សប្រជាជនបដិវត្តន៍ឡាវ បានឯកភាពគ្នាថា ក្នុងសភាពការណ៍បច្ចុប្បន្ន បក្ស និងប្រជាជន នៃប្រទេសទាំងបី ត្រូវពង្រឹងនូវសាមគ្គីភាព សហការជិតស្និទ្ធ និងគាំទ្រគ្នាទៅវិញទៅមក។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់គណបក្សប្រជាជនកម្ពុជា បានឲ្យដឹងថា នាថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣ ជំនួបកំពូលរវាងលោក ង្វៀន ហ៊ូចុង អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម, សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងលោក ថងលុន ស៊ីសុលីត អគ្គលេខាធិការនៃគណៈកម្មាធិការ មជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ បានប្រព្រឹត្តទៅនៅរដ្ឋធានីហាណូយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។
នាឱកាសនោះ ថ្នាក់ដឹកនាំបក្សទាំងបី បានសង្កត់ធ្ងន់អំពីប្រពៃណីសាមគ្គីភាពជិតស្និទ្ធជាប្រវត្តិសាស្ត្រ ក្នុងការជួយគ្នា ទៅវិញទៅមករវាងបក្ស និងប្រជាជននៃប្រទេសទាំងបី គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃ និងជាកត្តាដ៏សំខាន់ បំផុត ដែលជាប្រភពកម្លាំងដ៏ខ្លាំងក្លា ក្នុងបុព្វហេតុតស៊ូរំដោះជាតិ និងដណ្តើមឯករាជ្យក្នុងអតីតកាល ក៏ដូចជាក្នុងកិច្ចការការពារ និងកសាងប្រទេសរៀងៗខ្លួនរហូតដល់សព្វថ្ងៃនេះ។ ទន្ទឹមនឹងនោះ ថ្នាក់ដឹកនាំ បក្សទាំងបីបានប្ដេជ្ញាចិត្តរួមគ្នារក្សា និងបន្តពូនជ្រុំទំនាក់ទំនងរវាងកម្ពុជា-ឡាវ-វៀតណាម នៅពេល បច្ចុប្បន្ន និងនាពេលអនាគត។
ថ្នាក់ដឹកនាំគណបក្សទាំងបីបានឯកភាពគ្នាថា «ក្នុងសភាពការណ៍បច្ចុប្បន្ន បក្សនិងប្រជាជននៃប្រទេសទាំងបី ត្រូវពង្រឹងនូវសាមគ្គីភាព សហការជិតស្និទ្ធ និងគាំទ្រគ្នាទៅវិញទៅមក ចាត់ទុកទំនាក់ទំនងរវាងបក្ស ទាំងបីជាមូលដ្ឋានគ្រឹះសម្រាប់តម្រង់ទិសទំនាក់ទំនងស្អិតរមួតរវាងប្រទេសទាំងបី ពង្រឹងសសរស្តម្ភ លើវិស័យការពារជាតិ និងសន្តិសុខ ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការបរទេស ជំរុញថែមទៀតនូវ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ អប់រំ វិទ្យាសាស្ត្រ បច្ចេកវិទ្យា ទេសចរណ៍ និងកសិកម្ម ជំរុញ កិច្ចសហប្រតិបត្តិការរវាងស្ថាប័នរបស់បក្ស រដ្ឋ រណសិរ្ស អង្គការមហាជន និងថ្នាក់ក្រោមជាតិន ប្រទេសទាំងបី ដោយឈរលើមូលដ្ឋាននៃសក្តានុពល និងភាពខ្លាំងរបស់ប្រទេសនីមួយៗ»។
ភាគីទាំងបី បានឯកភាពបន្តលើកកម្ពស់យន្តការដែលមានស្រាប់ប្រកបដោយប្រសិទ្ធភាព និងស្រាវជ្រាវ បង្កើតយន្តការកិច្ចសហប្រតិបត្តិការថ្មីមួយចំនួន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងបក្ស និងប្រជាជន នៃប្រទេសទាំងបី សម្រាប់ជាផលប្រយោជន៍របស់ប្រជាជន ការកសាងនិងការពារសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនៅក្នុងតំបន់ និងពិភពលោក៕