ភ្នំពេញ ៖ ក្នុងដំណើរទស្សនកិច្ចលោក គីម ជីនផ្យូ (Kim Jin-pyo) ប្រធានរដ្ឋសភាកូរ៉េនៅកម្ពុជាពិតជាបានប្រកាសពីដំណឹងល្អដល់ភាគីមិត្តកម្ពុជា ដោយប្រធានសភាកូរ៉េខាងត្បូងរូបនេះអះអាងថា តាមការវាយតម្លៃលើគម្រោង នៃការសាងសង់ស្ពានមិត្តភាព កម្ពុជា-កូរ៉េទើបបានបញ្ចប់ដែលការសាងសង់ នឹងចាប់ផ្តើមនាពេលឆាប់ៗខាងមុខនេះ។
ក្នុងជំនួបពិភាក្សាការងារជាមួយ សម្តេច សាយ ឈុំ ប្រមុខរដ្ឋស្តីទីកម្ពុជា នាព្រឹកថ្ងៃ៨ កញ្ញា ប្រធានរដ្ឋសភាកូរ៉េបញ្ជាក់ថា «នាពេលថ្មីៗនេះ ការវាយតម្លៃលើគម្រោងនៃការសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េទើបបានបញ្ចប់ ហើយការសាងសង់នឹងចាប់ផ្តើមនាពេលឆាប់ៗខាងមុខ»។
លោកសង្ឃឹមថា ស្ពាននេះនឹងជួយរួមចំណែកដល់ការអភិវឌ្ឍរបស់កម្ពុជា និងជានិមិត្តរូបនៃមិត្តភាពកម្ពុជា-កូរ៉េ។ ប្រទេសទាំងពីរនឹងបន្តពង្រីកកិច្ចសហប្រតិបតិ្តការឲ្យកាន់តែរឹងមាំ ដើម្បីទាក់ទាញក្រុមហ៊ុនកូរ៉េមកវិនិយោគនៅកម្ពុជា និងបន្តពង្រីកលើវិស័យនានាបន្ថែមទៀត ហើយកិច្ចសហប្រតិបតិ្តការដ៏រឹងមាំរវាងប្រទេសទាំងពីរ នឹងរួមចំណែកដល់សន្តិភាព ស្ថិរភាព និងអភិវឌ្ឍន៍នៅតំបន់អាស៊ាន ក៏ដូចជាតំបន់មេគង្គផងដែរ។
ការលើកឡើងរបស់លោកនេះ បន្ទាប់ពីគម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ តម្លៃជាង២៤៥លានដុល្លារ ឆ្លងពីផ្សារចាស់-ជ្រោយចង្វារ , ជ្រោយចង្វារ-អរិយក្សត្រ បានចុះហត្ថលេខាជាផ្លូវការរវាងរដ្ឋាភិបាលកម្ពុជា-កូរ៉េកាលពីចុងឆ្នាំ២០២២ពោលកាលពីថ្ងៃ១០ ខែធ្នូ ។
គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ នឹងសាងសង់ឡើងនៅលើទីតាំងចេញពីផ្សាររាត្រី ស្ថិតនៅក្បែរផ្សារចាស់ ក្នុងខណ្ឌដូនពេញ ហើយភ្ជាប់ទៅដីជ្រោយចង្វារ ក្បែរសណ្ឋាគារសុខា រួចទើបសង់បន្តឆ្លងទន្លេមេគង្គឆ្ពោះទៅកាន់ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល ។ ស្ពាននេះ ជាប្រភេទស្ពានខ្សែកាប៕