ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត​ បញ្ជាឱ្យផ្អាកជ្រើសរើសមន្រ្តីរាជការ​ដោយរង់ចាំយន្តការថ្មី​ ដើម្បីធានាសុក្រឹត្យភាព

រូបភាពពី៖​ ដេីមអម្ពិល

ភ្នំពេញ​ ៖​ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាឲ្យផ្អាកការប្រឡងជ្រើសរើសមន្រ្តីរាជការថ្មី សម្រាប់ឆ្នាំ២០២៣ ដោយរង់ចាំយន្តការថ្មី​ ដើម្បីធានានូវសុក្រឹត្យភាព និងតម្លាភាព។

តាមរយៈសារសំឡេង​ នៅយប់ថ្ងៃទី៨​ ខែកញ្ញា​ ឆ្នាំ២០២៣សម្តេចធិបតី ហ៊ុន ម៉ាណែត​ បានថ្លែងថា​ “ដោយសារការជ្រើសរើសមន្រ្តីរាជការ គឺជាកិច្ចការសំខាន់ ពាក់ព័ន្ធនឹងកំណែទម្រង់មុខងារសាធារណៈរបស់យើង នៅក្នុងអាណត្តិថ្មី ខ្ញុំសូមផ្អាកនូវការជ្រើសរើសមន្រ្តីទាំងក្នុងផែនការឆ្នាំ២០២៣ ដែលនៅសេសសល់ សម្រាប់ត្រៀមរៀបចំពេលក្រោយ”។

សម្ដេច​ បន្ដថា​ “ខ្ញុំឃើញ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ គាត់ស្នើសុំក្រសួង៣ ដើម្បីរៀបចំនីតិ វិធីប្រឡង នៅក្នុងឆ្នាំ២០២៣នេះ។ គណៈកម្មការជាតិពាក់ព័ន្ធនឹងកំណែទម្រង់ មន្រ្តីមុខងារសាធារណៈ ដែលក្នុងនោះខមផូនិនសំខាន់ គឺការប្រឡងឱ្យមានសុក្រឹតភាព គឺជាគោលដៅធំសម្រាប់រដ្ឋាភិបាលថ្មី អញ្ចឹងដើម្បីឱ្យចេញដេប៉ាសុក្រិតភាពតែម្តង គឺខ្ញុំសូមផ្អាក ការប្រឡងជ្រើសរើសមន្រ្តី ចាប់ពីពេលនេះទៅរហូតដល់ការរៀបចំគណៈកម្មការ និងយន្តការថ្មី ដែលបានរៀបចំក្នុងពេលឆាប់ខាងមុខរួច”៕

To Top