ព័ត៌មានជាតិ

មេប៉ុស្ដិ៍ឃុំព្រោជ ត្រូវបានផ្អាកការងារ ក្រោយពាក់ព័ន្ធសំណុំរឿងរបស់តុលាការ

ភ្នំពេញ ៖ ក្រោយមានបញ្ជារបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា មេប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំសំព្រោជ នៃអធិការដ្ឋាននគរបាលស្រុកស្ទោង ខេត្តកំពង់ធំ ត្រូវបានផ្អាកការងារបណ្ដោះអាសន្ន ក្រោយពាក់ព័ន្ធសំណុំរឿងរបស់តុលាការ។

យោងតាមលិខិតបង្កាប់ការរបស់ស្នងការនគរបាលខេត្តកំពង់ធំ នាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣បាន្យដឹងថា «ត្រូវបានផ្អាកការងារបណ្តោះអាសន្ន ចំពោះលោកអនុសេនីយ៍ឯក ហុង សារ៉ុម ឋានៈនាយប៉ុស្តិ៍នគរបាលរដ្ឋបាលសំព្រោជ អធិការដ្ឋាននគរបាលស្រុកស្ទោង នៃស្នងការដ្ឋាន នគរបាលខេត្តកំពង់ធំ មូលហេតុ ពាក់ព័ន្ធសំណុំរឿងរបស់តុលាការ»។

ប្រភពដដែលបន្ដថា ចំពោះលោកអនុសេនីយ៍ឯក ហុង សារ៉ុម ត្រូវមកបម្រើការងារនៅស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ (ការិយាល័យបុគ្គលិក) រៀងរាល់ម៉ោងធ្វើការ រហូតដល់មានការសម្រេចជាថ្មី។

សូមរំលឹកថា នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣នេះ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាឲ្យពិនិត្យការតែងតាំងមេប៉ុស្តិ៍ម្នាក់នៅឃុំសំព្រោជ ស្រុកស្ទោង ខេត្តកំពង់ធំនក្រោយពីបានទទួលព័ត៌មានតាមប្រភពផ្សេងៗ រួមទាំងប្រព័ន្ធផ្សព្វផ្សាយសង្គម ពាក់ព័ន្ធនឹងការតែងតាំងបុគ្គលម្នាក់ធ្វើជាមេប៉ុស្តិ៍នៅឃុំសំព្រោជ ស្រុកស្ទោង ខេត្តកំពង់ធំ ដែលធ្លាប់មានប្រវត្តិប្រព្រឹត្តបទឧក្រិដ្ឋនិងត្រូវបានផ្តន្ទាទោសជាប់ពន្ធនាគារ។ សម្តេចក៏បានចេញបទបញ្ជាភ្លាមទៅលោកស ថេត អគ្គស្នងការនគរបាលជាតិ ឲ្យស្រាវជ្រាវជាមួយ ជាមួយលោកម៉ែន លី ស្នងការនគរបាលខេត្តកំពង់ធំ ជាបន្ទាន់ផងដែរ៕

To Top