ភ្នំពេញ ៖ ក្រសួងយុត្តិធម៌ បានបន្តអភិវឌ្ឍន៍សេវាព្រឹត្តិបត្រថ្កោលទោសឌីជីថល ក្នុងជំហានទី២ ដើម្បីផ្តល់ភាពឆាប់រហ័ស និងភាពងាយស្រួលជូនដល់សាធារណជន ក្នុងគោលដៅកាត់បន្ថយការចំណាយលើពេលវេលា និងថវិកា។
តាមរយៈសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងយុត្តិធម៌ នាថ្ងៃទី១១ កញ្ញា នេះ បានឲ្យដឹងថា កន្លងមក ក្រសួងបានធ្វើការអភិវឌ្ឍសេវាព្រឹត្តិបត្រថ្កោលទោសឌីជីថល ដើម្បីផ្តល់នូវសេវាឆាប់រហ័ស និងភាពងាយស្រួលជូនដល់សាធារណជន ដែលមានតម្រូវការស្នើសុំព្រឹត្តិបត្រថ្កោលទោស ដោយបានដាក់ឲ្យដំណើរការជំហានទី១ លើការផ្តល់សេវាព្រឹត្តិបត្រថ្កោលទោសតាមប្រព័ន្ធឌីជីថល កាលពីខែកុម្ភៈ ឆ្នាំ២០២៣។
ប្រភពគូសបញ្ជាក់ថា «ក្រសួងយុត្តិធម៌ ក៏បាននិងកំពុងបន្តធ្វើការអភិវឌ្ឍន៍សេវាព្រឹត្តិបត្រថ្កោលទោសឌីជីថល ក្នុងជំហានទី២ ដើម្បីផ្តល់នូវភាពឆាប់រហ័ស និងភាពងាយស្រួលជូនដល់សាធារណជនបន្ថែមទៀត ក្នុងគោលដៅកាត់បន្ថយការ ចំណាយលើពេលវេលា និងថវិកា ជូនសាធារណជនក្នុងការស្នើសុំព្រឹត្តិបត្រថ្កោលទោស ស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា»។
ចំពោះប្រជាពលរដ្ឋនៅក្រៅប្រទេស ដែលមានតម្រូវការស្នើសុំព្រឹត្តិបត្រថ្កោលទោស ក្រសួងបាននិងកំពុងសហការជាមួយក្រសួងការបរទេសខ្មែរ ដើម្បីពិភាក្សារៀបចំបែបបទ និងនីតិវិធីសម្រាប់ការស្នើសុំព្រឹត្តិបត្រថ្កោលទោសតាមរយៈស្ថានតំណាងកម្ពុជា នៅតាមបណ្តាប្រទេសនានាហើយក្រសួងយុត្តិធម៌នឹងជូនដំណឹងអំពីបែបបទ និងនីតិវិធីនៃការស្នើសុំព្រឹត្តិបត្រថ្កោលទោសសម្រាប់ ប្រជាពលរដ្ឋខ្មែរនៅក្រៅប្រទេសនាពេលខាងមុខ៕