ព័ត៌មានជាតិ

រដ្ឋមន្ដ្រីមុខងារសាធារណៈ ថា កំណែទម្រង់ប្រឡងក្របខណ្ឌមន្ត្រីរាជការ «មិនចាំបាច់ត្រូវស្គាល់អ្នកធំ មិនចាំបាច់ត្រូវមានខ្សែ»

រូបភាពពី៖​ ហ្វេសប៊ុក លោក ហ៊ុន ម៉ានី

ភ្នំពេញ ៖ លោក ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានថ្លែងថា កំណែទម្រង់ការប្រឡងក្របខណ្ឌមន្ត្រីរាជការ មិនចាំបាច់ត្រូវស្គាល់អ្នកធំ មិនចាំបាច់ត្រូវមានខ្សែ តែត្រូវមានសមត្ថភាព។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុក លោក ហ៊ុន ម៉ានី។

ក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការសាលាភូមិន្ទរដ្ឋបាល នាថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ លោក ហ៊ុន ម៉ានី បានគូសបញ្ជាក់ថា «កំណែទម្រង់ការប្រឡងក្របខណ្ឌមន្ត្រីរាជការ៖ «មិនចាំបាច់ត្រូវស្គាល់អ្នកធំ មិនចាំបាច់ត្រូវមានខ្សែ តែត្រូវមានសមត្ថភាព»។

លោករដ្ឋមន្ដ្រី បន្ដថា «ខ្ញុំមានតួនាទី និងទំនួលខុសត្រូវខ្ពស់ចំពោះ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ក្នុងនាមជារដ្ឋមន្ត្រីមុខងារសាធារណៈ នៅក្នុងការសម្រេចកិច្ចការកែទម្រង់លើការប្រឡងនេះឲ្យបានហ្មត់ចត់ជាទីបំផុត និងជាពិសេសក្នុងគោលដៅដើម្បីសមធម៌ និងយុត្តិធម៌សង្គម»។

សូមរំលឹកថា ក្នុងឱកាសដែលសម្តេចបន្តចុះជួបកម្មករជិត ២ម៉ឺននាក់ នៅខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានប្រកាសធ្វើកំណែទម្រង់ការប្រលងចូលក្របខណ្ឌរដ្ឋ ដោយឈរលើគោលការណ៍ «ចេះ គឺជាប់»។ លើសពីនេះ សម្តេចមហាបវរធិបតី ក៏បានផ្ញើសារជាសំឡេងមួយ ដោយផ្អាកជាបន្ទាន់នូវប្រឡងជើងរើសមន្រ្តីក្របខណ្ឌថ្មី ក្នុងនោះ មានក៏ផ្អាកផងដែរនូវផែនការរើសមន្រ្តីឆ្នាំ២០២៣ ដើម្បីកែសម្រួលនីតិវិធីប្រឡងឡើងវិញ៕


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top