ព័ត៌មានជាតិ

យូអិន ជំរុញឲ្យមានដំណោះស្រាយនយោបាយ ចំពេលមានវិបត្តិសេដ្ឋកិច្ចកាន់តែអាក្រក់ នៅក្នុងប្រទេសស៊ីរី

រូបភាពពី៖​ XINHUA

ដាម៉ាស់៖ បេសកជនពិសេសរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកស៊ីរីលោក Geir Pedersen ​បានគូសបញ្ជាក់អំពីតម្រូវការ សម្រាប់ដំណោះស្រាយនយោបាយ ចំពោះវិបត្តិយូរអង្វែងរបស់ប្រទេសស៊ីរី ដោយព្រមានថា ការខកខានក្នុងការដោះស្រាយវិមាត្រនយោបាយ នៃវិបត្តិនេះនឹងបន្តធ្វើឱ្យមានភាពចលាចលផ្នែកសេដ្ឋកិច្ច និងវិបត្ដិមនុស្សធម៌នៅក្នុងប្រទេស។

ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅទីនេះក្នុងរដ្ឋធានីស៊ីរីបន្ទាប់ពីជំនួបរបស់គាត់ជាមួយរដ្ឋមន្ត្រីការបរទេសស៊ីរីលោក Faisal Mekdad លោក Pedersen បានព្រមានថា “សម្រាប់ប្រទេសស៊ីរី ដោយមិននិយាយអំពីផលវិបាកនយោបាយនៃវិបត្តិនោះ វិបត្តិសេដ្ឋកិច្ចដ៏ជ្រៅ និងវិបត្ដិមនុស្សធម៌ក៏នឹងបន្តកើតមានផងដែរ” ។

លោកបានលើកឡើងថា “ជាអកុសល … ស្ថានភាពនៅក្នុងប្រទេសស៊ីរី កាន់តែអាក្រក់ជាងសេដ្ឋកិច្ចក្នុងអំឡុងពេលជម្លោះកើនឡើង” ​ខណៈដែលទទួលស្គាល់ថា មានការវិវត្តល្អតិចតួច នាពេលថ្មីៗនេះនៅក្នុងទំនាក់ទំនងបរទេសរបស់ស៊ីរី ដែលបង្កើនក្តីសង្ឃឹម​និងការរំពឹងទុក”។

លោកបានលើកឡើងពីលទ្ធភាពនៃការផ្សះផ្សារវាងស៊ីរី និងតួកគី និងការបង្កើនអន្តរកម្មរវាងរដ្ឋាភិបាលស៊ីរី និងបណ្តាប្រទេសអារ៉ាប់ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោក Pedersen បានសង្កត់ធ្ងន់លើសារៈសំខាន់នៃដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខលេខ២២៥៤ ជាមូលដ្ឋានគ្រឹះ សម្រាប់ការងាររបស់លោក ហើយបានសម្តែងការពេញចិត្ត ចំពោះការប្តេជ្ញាចិត្ត ចំពោះវិធីសាស្រ្តមួយជំហានម្តងមួយៗឆ្ពោះទៅរកវឌ្ឍនភាពនៅក្នុងគណៈកម្មាធិការធម្មនុញ្ញស៊ីរី៕ ប្រែសម្រួល ឈូក បូរ៉ា

To Top